សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្រ្តីយោធាអាមេរិកបានបញ្ជាក់ថា ពីឡុតសរុប៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ២គ្រឿងបានបុកគ្នានៅកណ្តាលរដ្ឋ Alaska ពេលត្រឡប់មកពីបំពេញបេសកកម្មហ្វឹកហ្វឺនមួយ។
ឧទ្ធម្ភាគចក្រ AH-64 Apache ទាំង២គ្រឿងដែលមកពីបន្ទាយយោធា ហ្វត វេនរ៉ាយ (Forth Wainwirght) បានបុកគ្នារួចធ្លាក់នៅក្បែរតំបន់ហៀលី (Healy) នៃរដ្ឋ Alaska។ ឧទ្ធម្ភាគចក្រនីមួយៗផ្ទុកពីឡុត២នាក់ ហើយក្រោយពេលកើតហេតុ ពីឡុត៣នាក់បានស្លាប់ ខណៈម្នាក់ទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ករណីនេះកំពុងស្ថិតក្រោមការស៉ើបអង្កេត ប៉ុន្តែភ្លាមៗវាមិនទាន់ច្បាស់នោះទេថា មូលហេតុអ្វីបានបណ្តាលឱ្យឧទ្ធម្ភាគចក្រទាំង២គ្រឿង បុកគ្នាយ៉ាងដូច្នេះ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ឧទ្ធម្ភាគចក្រប៉ះទង្គិចគ្នាខាងលើ កើតមានឡើងមិនដល់មួយខែស្រួលបួលនោះឡើយ បន្ទាប់ពីទាហាន៩នាក់បានស្លាប់នៅពេលឧទ្ធម្ភាគចក្រប្រភេទ Black Hawk ចំនួន២គ្រឿងរបស់យោធាអាមេរិក បានបុកគ្នាអំឡុងការហ្វឹកហ្វឺននាពេលយប់ នៅឯរដ្ឋខេនថាក់គី (Kentucky)៕ ដោយ៖ ធីរីណា
រូបថត ៖ AP