ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (CAMSOC-CAMAPGOC) បានថ្លែងឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ តាមតួរលេខបឋម ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មានចំនួនសរុបប្រមាណជាជាង២ ០០០នាក់ ដែលមកពីប្រទេសក្នុងតំបន់អាស៊ាន និង ទីម័រខាងកើត។ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP។
លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ ប្រមាណជាពាក់កណ្តាលគឺជាអ្នកសារព័ត៌មានជាតិ និង ពាក់កណ្តាលទៀតមកពីប្រទេសអាស៊ានទាំង១០ និងទីម័រខាងកើត ។ លោក បន្ថែមថា៖“អ្នកសារព័ត៌មានបរទេសដែលបានចុះឈ្មោះមកយកព័ត៌មានច្រើនជាងគេគឺមកពីប្រទេសវៀតណាម ដែលមានចំនួនជិត៥០០នាក់” ។
លោកអគ្គនាយកដ្ឋានសោតទស្សន៍ បានថ្លែងបន្តថា ការចុះឈ្មោះសម្រាប់លើកនេះមានទម្រង់ខុសគ្នា កាលពីពេលអាស៊ានបន្តិច ដោយ កាលពីពេលចុះឈ្មោះនៅអាស៊ាន ការងារចុះឈ្មោះទាំងអស់គឺស្ថិតនៅក្នុងដៃរបស់ក្រសួងតែម្តង ប៉ុន្តែសម្រាប់ការងារលើកនេះគឺក្រសួងចុះឈ្មោះនៅក្នុងប្រព័ន្ធរួមរបស់ CAMSOC ទាំងអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ។
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបន្ថែមថា មកដល់ពេលនេះខាងគណៈកម្មការបានកំពុងតែរៀបចំមជ្ឈមណ្ឌលសោតទស្សន៍អន្តរជាតិមួយ ក៏ដូចជាមជ្ឈមណ្ឌលព័ត៌មានកណ្តាលមួយដើម្បីបម្រើដល់ដំណើរការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិនាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ។ លោក បានបញ្ជាក់ថា “ មកដល់ថ្ងៃនេះគណៈកម្មការបានរៀបចំមជ្ឈមណ្ឌលសោតទស្សន៍អន្តរជាតិមួយ ក៏ដូចជាមជ្ឈមណ្ឌលព័ត៌មានកណ្តាលបានរៀបចំរួចរាល់ហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ” ។
លោកប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា មកដល់ពេលនេះគណៈកម្មការក៏បានសម្របសម្រួលនូវការនាំចូលសំភារៈនិងបរិក្ខារបស់អ្នកសារព័ត៌មានអន្តរជាតិមួយចំនួន រៀបចំមធ្យោបាយ និង កិច្ចការផ្សេងៗទាក់ទងនឹងដំណើរការយកព័ត៌មាននានា ។ លោក បន្ថែមថា មកដល់ពេលនេះការងាររៀបចំទាំងអស់របស់គណៈកម្មការ គឺបានត្រៀមរួចរាល់ដែលអាចនិយាយបានថា ចូលជាង ៩០ ភាគរយហើយ ។
ដោយឡែកថ្លែងពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរបស់កម្ពុជានេះ លោក ផុស សុវណ្ណ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ នេះគឺជាលើកទីមួយ ដែលក្រសួងព័ត៌មានបានចូលរួមរៀបចំព្រឹត្តិការណ៍នេះ ប៉ុន្តែដោយផ្អែកនៅលើបទពិសោធន៍អាស៊ានកន្លងមក ទោះជាមាន ការលំបាកខ្លះៗក៏ពិតមែន ប៉ុន្តែក្រុមការងារពាក់ព័ន្ធទាំងអស់បានប្តេជ្ញាចូលរួមរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានជោគជ័យ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវបើកជាផ្លូវការនាថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ដោយមានកីឡាចំនួន ៣៧ ស្មើនឹង ៥៨១វិញ្ញាសា ក្រោមប្រធានបទ«កីឡារស់ក្នុងសន្តិភាព»។
សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី២៨ ខែមេសានេះដែរ លោក ផុស សុវណ្ណ ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ដ្រី ដែលទទួលបានការបណ្តុះបណ្តាលជំនាញថតរូបសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីតៀមក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ នៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ៕
ដោយ៖សហការី