ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ។នេះជាប្រសាសន៍ របស់ នាយឧត្តមសេនីយ៍ បណ្ឌិត  ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ខេត្តត្បូងឃ្មុំ 

 នាយឧត្តមសេនីយ៍ បណ្ឌិត  ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ សូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងកងឯកភាពចំណុះ រួមមានជាអាទិ៍៖ អគារស្នាក់នៅ ១ ខ្នង កម្ពស់ ២ ជាន់, អគាររោងបាយ ០១ ខ្នង, ឃ្លាំងកងវរសេនាតូចលេខ ១  និងអគារទីបញ្ជាការ កងអនុសេនាធំមេមត់ ១ ខ្នង ព្រមទាំងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។ ទាំងនេះបានបញ្ជាក់ថា ជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន-គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ នៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពកងទ័ពនៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។

នាយឧត្តមសេនីយ៍ បណ្ឌិត  ហ៊ុន ម៉ាណែត បានលើកឡើងថា,បន្ថែមលើការយកចិត្តទុកដាក់ចំពោះយោធិនដែលកំពុងបម្រើការ, សម្តេចទាំងទ្វេ ក៏តែងបានគិតគូរជាប់ជាប្រចាំផងដែរ អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដោយបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលដល់ការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់អ៊ំពូមីងអតីតយុទ្ធជន តាមរយៈការផ្តល់ជំនួយជាថវិកា និងសម្ភារ រួមទាំងការដាក់ឱ្យដំណើរការនូវយន្តការមួយចំនួនទៀត ជាការបំពេញបន្ថែមឱ្យគោលនយោបាយចំពោះអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាល ដែលមានស្រាប់។

 នាយឧត្តមសេនីយ៍ បណ្ឌិត  ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសការកសាងអភិវឌ្ឍសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើន រហូតអង្គភាពមានការរីកចម្រើនប្រែមុខប្រែមាត់ជាលំដាប់ក្នុងរយៈពេលប្រមាណ 0៩ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០១៤ មក បន្ទាប់ពីការបំបែកចេញពីតំបន់ប្រតិបត្តិការសឹករងកំពង់ចាម។ 

នាយឧត្តមសេនីយ៍ បណ្ឌិត  ហ៊ុន ម៉ាណែត ក៏សូមសម្តែងនូវការកោតសរសើរចំពោះយោធភូមិភាគទី២, តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ព្រមទាំងស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងារស្នូល, ការងារជំនាញ និងការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការការពារសន្តិសុខ-ស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយធានាបាននូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ៕

ដោយ ៖ សិលា


ចែករំលែក៖