ភ្នំពេញ៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា បានមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧យប់ថ្ងៃទី២៨ មេសាឆ្នាំ២០២៣នេះ ជាមួយនឹងការទទួលសាទរ ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ឃួង ស្រេង បាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានចាំទទួលនិងបន្តដង្ហែព្រះអគ្គិជ័យកីឡានេះពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានប្រជាពលរដ្ឋចូលរួមឈរអមតាមមហាវិថីប្រមាណរាប់ពាន់នាក់ ហើយនៅពេលព្រះអគ្គិជ័យកីឡាដង្ហែទៅដល់វត្តលង្កាព្រះកុសុមារាម ក៏មានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។
ពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង ដោយនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានេះ នឹងមកដល់ផ្សារព្រែកអញ្ចាញស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល លោកមាន ចាន់យ៉ាដា និងលោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍ នៅស្ពានទី១២នោះ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធីនៅវត្តភ្នំរួច អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡាពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។ លុះព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ប្រគល់ព្រះអគ្គិជ័យកីឡាជូន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡាពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី ហើយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តប្រគល់ជូន បេសកជនពិសេស CAMSOC និងបន្តប្រគល់ជូន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡានេះ ចេញពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខអង្គភាពប្រឆាំងអំពើពុករលួយ ទើបប្រគល់ជូនតំណាង CAMSOC និងបន្តប្រគល់ជូន តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភទាំង១៤ ដង្ហែមករមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភចុងក្រោយ ប្រគល់ត្រលប់មកជូន តំណាង CAMSOC ដើម្បីប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតាមផ្លូវជាតិលេខ៥ ។
សូមបញ្ជាក់ថា៖ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីអោយប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។
៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕
ដោយ ៖ សំរិត