ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម (ករណីលេខ ៧៦៩)សូមអានខ្លឹមសារលំអិតនៅខាងក្រោម!
ក្រុមប្រតិបត្តិការ បានទទួលកំណត់ទូតពីស្ថានទូតហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ០២លើក ដោយស្នើសុំជួយសង្គ្រោះប្រជាពលរដ្ឋហ្វីលីនលើករណីបង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជំរិតទារ ប្រាក់ នៅទីតាំងក្រុមហ៊ុនកាស៊ីណូមួយកន្លែង ស្ថិតក្នុងខេត្តកោះកុង ដោយលើកទី១ ស្នើសុំជួយសង្គ្រោះ ចំនួន ៣០នាក់ (ពុំបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះទាំងនោះ) និងលើកទី២ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ស្នើសុំជួយសង្គ្រោះចំនួន ២០នាក់ (មានអត្តសញ្ញាណមិនច្បាស់លាស់ចំនួន ១៤នាក់)។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះស្រាវជ្រាវស្វែងរកជនជាតិហ្វីលីពីន តាម សំណើសុំអន្តរាគមន៍ទាំង ០២លើក លើកទី១ បានរកឃើញប្រជាពលរដ្ឋហ្វីលីពីនចំនួន ២០នាក់ ប៉ុន្តែ ដោយសារគ្មានសាវតាជនរងគ្រោះ និងការឆ្លើយបំភ្លឺរបស់ពលរដ្ឋហ្វីលីពីនទាំងនោះនៅចំពោះមុខសមត្ថកិច្ច បានបញ្ជាក់ថា ពួកគេពុំបានប្ដឹងទៅកាន់ស្ថានទូតដើម្បីសុំអន្តរាគមន៍នោះទេ ព្រមទាំងការស្នាក់នៅ និងធ្វើ ការរបស់ពួកគេស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទើបសមត្ថកិច្ចបានធ្វើកិច្ចសន្យា និងអនុញ្ញាត ឲ្យត្រឡប់ទៅបម្រើការងារជាធម្មតាវិញ។ ក្រោយទទួលបានសំណើលើកទី២ សមត្ថកិច្ចជំនាញ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ បានសហការស្រាវជ្រាវរកឃើញពលរដ្ឋហ្វីលីពីនចំនួន ០៧នាក់ ដែលមានឈ្មោះ ប្រហាក់ប្រហែលនឹងឈ្មោះក្នុងសំណើសុំរបស់ស្ថានទូត ទើបសម្រេចអញ្ជើញពួកគេមកទីកន្លែងរបស់ សមត្ថកិច្ចដើម្បីធ្វើការសាកសួរ។ តាមការបំភ្លឺនៅចំពោះមុខមន្ត្រីទូត ពួកគេបានចូលមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២២ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងស្វែងរកការងារធ្វើតាមរយៈ ភ្នាក់ងារ និងបានចូលធ្វើការក្នុងក្រុមហ៊ុនខាងលើរហូតមកដល់បច្ចុប្បន្ន ដោយទទួលបានអាហារគ្រប់គ្រាន់ កន្លែងស្នាក់នៅសមរម្យ ប្រាក់ខែទៀងទាត់ និងពុំធ្លាប់ត្រូវបានបង្ខាំងធ្វើទារុណកម្ម ឬបង្ខិតបង្ខំឲ្យធ្វើការ ខុសច្បាប់នោះទេ ហើយក៏ពុំបានដឹងអំពីការប្តឹង ឬស្នើសុំជំនួយទៅកាន់ស្ថានទូតនោះដែរ ហើយឈ្មោះ ដែលមានក្នុងកំណត់ទូតនោះ គឺជាឈ្មោះដែលពួកគេប្រើលើបណ្ដាញសង្គមប៉ុណ្ណោះ។ ដោយពិនិត្យឃើញ ភាពស្របច្បាប់ចំពោះការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានសំណូមពរពីសាមីខ្លួន សមត្ថកិច្ចបានអនុញ្ញាតឲ្យជនជាតិហ្វីលីពីនចំនួន ០៣នាក់ ត្រឡប់ទៅបន្តការងារវិញជាធម្មតា និង០៤នាក់ ផ្សេងទៀត ស្ម័គ្រចិត្តលាឈប់ពីការងារត្រឡប់ទៅប្រទេសកំណើតវិញ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនជនជាតិហ្វីលីពីន ចំនួន០៤នាក់ ទៅកាន់មណ្ឌលត្រៀម បណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ ៕
ដោយ ៖ សិលា