ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC បានថ្លែងថា៖ យ៉ាងដូច្នេះថា «ក្នុងតួនាទីអ្នកសារព័ត៌មាន ជាភ្នែក ត្រចៀករបស់ពិភពលោក នៅក្នុង ព្រឹត្តិការណ៍នេះ គឺចាំបាច់ជាទីបំផុត។ បងប្អូនអ្នកសារព័ត៌មានមានឱកាស ដើម្បីធ្វើជាសាក្សីក្នុង ប្រវត្តិសាស្ត្រក្នុងការបង្កើត ហើយនឹងនាំប្រវត្តិនេះទៅមនុស្សរាប់លាននាក់ជុំវិញពិភពលោក»។
ការថ្លែងបែបនេះរបស់លោក ផុស សុវណ្ណ បានធ្វេីឡេីងនាឱកាសលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញជាអធិបតីពិធីបើកជាផ្លូវការមជ្ឈមណ្ឌលព័ត៌មានកណ្តាល នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
លោកប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC បានថ្លែងបន្តថា អ្នកសារព័ត៌មានសរុបចំនួន ២០៩៥នាក់ ក្នុងនោះ អ្នកសារព័ត៌មានជាតិចំនួន ១ ១៨៨នាក់ និងអ្នកសារព័ត៌មានបរទេសចំនួន ៩០៧នាក់ ត្រូវចុះឈ្មោះ និងទទួលបានប័ណ្ឌព័ត៌មានជាផ្លូវការ ដើម្បីត្រៀមចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោក បន្ដទៀតថា ពេលនេះ គណៈកម្មការបានចុះឈ្មោះ និងការផ្តល់ប័ណ្ណអ្នកសារព័ត៌មានការចុះឈ្មោះអ្នក សារព័ត៌មានជាតិ និងអន្តរជាតិត្រូវបានធ្វើឡើងជាពីររបៀប ដោយអ្នកសារព័ត៌មានក្នុងតំបន់អាស៊ានត្រូវ ចុះឈ្មោះតាមរយៈគណៈកម្មាធិការអូឡាំពិកនៅប្រទេសរៀងៗខ្លួន ហើយបានបញ្ជូនមក គណៈកម្មាធិការជាតិ CAMSOC។
បន្ថែមពីលើនេះ លោក ផុស សុវណ្ណ បានសង្កត់ធ្ងន់ថា ការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្ដាល មណ្ឌលព័ត៌មានតាមទីលានប្រកួត និងមជ្ឈមណ្ឌលផ្សាយអន្តរជាតិមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC)។ ចំណែកសម្រាប់អ្នកសារព័ត៌មានក្នុងស្រុក ទីភ្នាក់ងារព័ត៌មាន បរទេសមានការិយាល័យនៅកម្ពុជា និងអ្នកសារព័ត៌មានអន្តរជាតិរស់នៅក្រៅតំបន់អាស៊ាន ត្រូវចុះឈ្មោះតាមរយៈក្រសួងព័ត៌មាន។
សូមជម្រាបថា មជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) មានទីតាំងស្ថិតនៅបរិវេណពហុកីឡដ្ឋានមរតកតេជោ និងអាចផ្ទុកអ្នកសារព័ត៌មានចំនួន ៥០០នាក់។ MPC មានផ្តល់ជូនកន្លែងធ្វើការងារ បន្ទប់សន្និសីទ សារព័ត៌មាន កំព្យូទ័រ អ៊ីនធើណេត, WIFI, ស្គ្រីន LED និង មានផ្តល់ជូនអាហារសម្រន់។ MPC ចាប់បើក ដំណើរការពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ មណ្ឌលព័ត៌មានតាមទីលានប្រកួត (SPC) ត្រូវបានរៀបចំសម្រាប់អ្នកសារ ព័ត៌មានប្រើប្រាស់ ជាកន្លែងធ្វើការ និងរៀបចំសន្និសីទសារព័ត៌មាន ដោយផ្តល់ជូនសេវាកម្ម និងសម្ភារដូចមជ្ឈមណ្ឌល ព័ត៌មានកណ្ដាលផងដែរ។
មជ្ឈមណ្ឌលផ្សាយអន្តរជាតិ (IBC) ត្រូវបានរៀបចំសម្រាប់ទទួលរូបភាព និងសំឡេងពីទីលានប្រកួត រួចបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្ននេះ មានទូរទស្សន៍ អន្តរជាតិចំនួន៧ដែលទទួលសិទ្ធិពីគណៈកម្មាធិការជាតិអូឡាំពិក (NOC) នៅប្រទេសរបស់គេបានជួល Booth ដើម្បីទទួលការផ្សាយពី IBC ក្នុងនោះរួមមាន៖ RTM ម៉ាឡេស៊ី, T SPORT7 ថៃ, VTV HTV វៀតណាម, Media Corp សិង្ហបុរី, MNC TV ឥណ្ឌូណេស៊ីនិង Cignal TV ហ្វីលីពីន។ «គណៈកម្មការធិការ CAMSOC បានផ្ដល់ជូនទូរទស្សន៍កីឡា CSTV ជាការីផ្សាយផ្លូវការនៃប្រភេទកីឡាចំនួន១១ និងបានផ្ដល់ ជូនទូរទស្សន៍ជាតិ សមាគមទូរទស្សន៍ក្នុងប្រទេសជាការីផ្សាយសម្រាប់កីឡាចំនួន ១០ប្រភេទ។ ការីផ្សាយផ្លូវការជាអ្នកទទួលខុសត្រូវក្នុងការថត និងផលិតសម្រាប់កម្មវិធីទូរទស្សន៍ដើម្បីផ្សាយផ្ទាល់។
លោកប្រតិភូរូបនេះ បានបន្ថែមទៀតថា សម្រាប់ប្រភេទកីឡាដែលមិនបានផលិត និងផ្សាយផ្ទាល់នឹងត្រូវថតផ្សាយជាលក្ខណៈព័ត៌មាន និង ហាយឡាយការីថតរូបផ្លូវការ (Host Photographer) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) គឺជាការីថត ផ្លូវការ Host Photographer) នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ អ្នកសារព័ត៌មាន អាចទាញយករូបថត ដើម្បីប្រើប្រាស់ដោយមិនគិតថ្លៃ»។
លោកប្រធានគណៈកម្មការ បានបន្ដថា ចំពោះមធ្យោបាយ ដឹកជញ្ជូន អ្នកសារព័ត៌មានអាចជិះរថយន្តក្រុង ដែលបានផ្តល់ជូន ដោយមិនគិតថ្លៃ ដោយគ្រាន់តែ បង្ហាញបណ្ណសារព័ត៌មាន។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅពេលដែលព្រឹត្តិការណ៍ស៊ីហ្គខិតជិតមកដល់ មានការបង្កើតនូវគណនីជាច្រើនតាមបណ្ដាញសង្គម ដែលប្រើប្រាស់ឈ្មោះស្រដៀងគណនីផ្លូវការរបស់ CAMSOC ដែលជា មូលហេតុធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។ ទន្ទឹមនេះ សូមអំពាវនាវបងប្អូន អ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិត និងរួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ។
លោកអគ្គនាយកសោតទស្សន៍ បានធានាចំពោះអ្នកសារព័ត៌មានថា គណៈកម្មការជំនាញមួយនេះ មានការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រអ្នកសារព័ត៌មានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ អ្នកសារព័ត៌មាន និងធានាថាមានសិទ្ធិចូលប្រើប្រាស់ធនធានទាំងអស់ ដែលអ្នកសារព័ត៌មានត្រូវការ ដើម្បីបំពេញការងារ ខណៈសន្តិសុខ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ស្ថិតក្រោមការយកចិត្តទុកដាក់ យ៉ាងខ្ពស់របស់គណៈកម្មការជំនាញ៕
ដោយ៖សហការី