ភ្នំពេញ៖ លោកគ្រូ គឹម សារី ជាអតីតគ្រូបង្រៀនភូមិវិទ្យានៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណភាពកាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
ភ្លាមៗក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុមរួមមានទាំងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាមួយចំនួន ទឹកសុទ្ធ ភេសជ្ជៈចម្រុះ ទៅប្រគល់ជូនគ្រួសារសពលោកគ្រូ គឹម សារី ដើម្បីរៀបចំធ្វើពិធីបុណ្យសពជូនលោកគ្រូផងដែរ។ ក្រុមអតីតសិស្សសាលាបាក់ទូកម្នាក់ៗបាននាំគ្នាចូលរួមជាថវិកាតាមសទ្ធារៀងៗខ្លួន បានសរុបចំនួន ៥.១៨៥ដុល្លារ សម្រាប់រ៉ាប់រងការចំណាយធ្វើបុណ្យសព លោកគ្រូ គឹម សារី រហូតដល់បុណ្យ៧ថ្ងៃ ចប់រួចរាល់។ សពលោកគ្រូ គឹម សារី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កាយវិការដ៏គួរឱ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះមិនមែនទើបតែមានក្នុងពេលលោកគ្រូអស់ជន្មាយុនោះទេ គឺតែងតែធ្វើជាប់ជាប្រចាំចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់គ្នា ដែលលោកកំពុងនៅមានព្រះជន្ម និងជួយដល់មិត្តរួមជំនាន់ដែលជួបការលំបាកហើយខ្វះលទ្ធភាព មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុមដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិការនាពេលនេះបានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីក្រុមគ្រួសារនៃសព៕
ដោយ៖ចន្ទ លីហ្សា