ខេត្តបាត់ដំបង៖ សូមបងប្អូនដែលរស់នៅតាមទីជនបទគួរបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់មិនត្រូវឱ្យកូនតូចៗលេងទឹកភ្លៀងនោះទេ ព្រោះវាអាចប្រឈមនឹងគ្រោះធម្មជាតិដោយសាររន្ទះបាញ់។
ជាក់ស្ដែងកុមារពីរនាក់បងប្អូនបង្កើតបានស្លាប់ និងក្មេងជំទង់ម្នាក់ទៀតបានរបួសធ្ងន់ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ បានកើតឡើងនៅ ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចឃុំព្រៃត្រឡាច និងឃុំព្រៃត្រឡាច ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានស្រុករុក្ខគីរី បានឱ្យដឹងថា ជនងរគ្រោះទាំង៣នាក់ខាងលើនេះ រួមមាន៖ ១- ឈ្មោះ វុធ ធារា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិថ្នំ ឃុំព្រែកជីក ខណៈខ្លួនកំពុងដេញគោ ចូលក្រោលពេលមេឃកំពុងភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង ក៏ត្រូវរន្ទះបាញ់ បណ្ដាលឱ្យនាងដួលសន្លប់នៅនឹងកន្លែងកើតហេតុ ហើយត្រូវក្រុមគ្រួសារបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី ដើម្បីសង្គ្រោះបន្ទាន់។
ដោយឡែកកុមារា២នាក់ដែលត្រូវជាបងប្អូនបង្កេីត ម្នាក់ឈ្មោះ រិត ប្រុសនុត ភេទប្រុស អាយុ១០ឆ្នាំ (បង) និងម្នាក់ទៀតឈ្មោះ រិត ប្រុសនុន ភេទប្រុស អាយុ០៨ឆ្នាំ (ប្អូន) រស់នៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ត្រូវរន្ទះបាញ់ផ្ដាច់យកជីវិតទាំង២នាក់យ៉ាងអាណោចអាធ័មនៅក្រោមដើមព្រីងតែម្តង៕
ដោយ៖សហការី