ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំការផ្សាយបន្ដផ្ទាល់ ដោយដាក់បញ្ចាំងជូនប្រជាពលរដ្ឋបានទស្សនាដោយសេរី ការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើតាមមន្ត្រីសាលាខេត្តស្វាយរៀងក្រោមការចង្អុលបង្ហាញពីលោក ម៉ែន វិបុល អភិបាលខេត្ត ដែលបានបង្គាប់ឲ្យមានការរៀបចំនៅទូទាំងខេត្តនៅមូលដ្ឋានរៀងៗខ្លួន ដោយនៅក្រុងស្វាយរៀង ត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយបានរៀបចំដាក់ទូរទស្សន៍ខ្នាតធំ (LED) ដើម្បីចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ មាននៅ ខាងមុខរោងភាពយន្ត, LED ជិតរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១ និងចាក់ស្លាយនៅទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់បានបញ្ចេញមតិប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយដែលរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំដាក់ទូរទស្សន៍ខ្នាតធំឱ្យពួកគាត់បានទស្សនាជុំគ្នាជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ ស្រែកហ៊ោកញ្ច្រៀវ ជាពិសេសនៅពេលក្រុមកីឡាករទាត់បាល់បញ្ចូលទីម្ដងៗផងដែរ ៕
ដោយ៖ សុថាន