ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ជាក់ស្ដែងរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ ក្នុងនោះជនជាតិថៃម្នាក់ រក្សាទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY០៨គ្រាប់)។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃចន្ទទី០១ ខែឧសភា ឆ្នាំ២០២៣នេះថា៖ លោកបានដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក ចំនួន០២)គោលដៅកាលពីម្សិលមិញនេះ មានដូចខាងក្រោម៖
*គោលដៅទី០១៖ ចំណុចផ្លូវលេខ 59B ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង លើ៖
-រថយន្តធុនធំ ចំនួន ៩៥គ្រឿង
-រថយន្តធុនតូចចំនួន ១៣៥គ្រឿង។
-ម៉ូតូ ៤៤គ្រឿង។
*គោលដៅទី០២៖ ផ្លូវលេខ57Bក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក វេលាម៉ោង១៤និង០០នាទីរសៀល លើ៖
-រថយន្តធុនធំ ចំនួន ៧៧គ្រឿង។
-រថយន្តធុនតូច ១៤២គ្រឿង។
-ម៉ូតូ២៧គ្រឿង។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលទាំង០២គោលដៅ មានយានយន្ត សរុប ៤៤៩គ្រឿង ក្នុងកិច្ចប្រតិបត្តិការ ខាងលើសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់(ជនជាតិថៃ០១នាក់) រក្សាទុកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(WY០៨គ្រាប់) និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ក្រៅពីនោះសមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ឡើយ៕
ដោយ៖សហការី