ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ផ្លាកលេខនគរបាលបើកបរក្នុងល្បឿនលឿនបុកមនុស្សស្លាប់ អ្នកបើកបររត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តម៉ាស្តា១គ្រឿង ពាក់ផ្លាកលេខនគរបាល ដែលបើកក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូ១គ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ។ 

យោងរបាយការណ៍នគរបាលចរាចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវ ជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង សៀមរាប ។ របាយការណ៍ឲ្យដឹងបន្តថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាក ម៉ាស្តាពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល ២-១២៦០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅ ពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាកវ៉េវ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1AH-៣២៤៣ អ្នកបើកបរ ឈ្មោះលឹម ពុទ្ធាវី ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប មានទិសដៅ ពីលិចបត់ឆ្វេងទៅជើង បណ្តាលអោយ ស្លាប់ឈ្មោះ លឹម ពុទ្ធាវី ស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូ និងរថយន្តខូចខាតធ្ងន់ធ្ងរ។

ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប លោក សោម វីរៈ បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើត ហេតុ អ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿន ។ លោកថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររូបនេះផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖