ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងជំនួបសម្តែងការគួរសមរវាង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាមួយលោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណាប្រធានរដ្ឋសភានេប៉ាល់ (សភាជាន់ខ្ពស់)

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទី លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងឱកាសដែល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណា ប្រធានរដ្ឋសភានេប៉ាល់ ស្ថិតនៅវិមានព្រឹទ្ធសភា។

ថ្នាក់ដឹកនាំសភាទាំងពីរ បានរំលឹកអំពីទំនាក់ទំនងការទូតកម្ពុជា-នេប៉ាល់ តាំងពីឆ្នាំ១៩៦៤ ក្រោមស្នាព្រះហស្ថ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំនេប៉ាល់ជំនាន់មុន និងមានសេចក្តី សប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង ប្រជាជនយើងទាំងពីរ ដែលស្តែងឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងសំខាន់ៗ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញ-ទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ដែលបានរួមចំណែកដ៏សំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនក្នុងតំបន់ និង ពិភពលោក។

  សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា និងលោកប្រធានរដ្ឋសភានេប៉ាល់ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតរវាង ព្រឹទ្ធសភាកម្ពុជា ជាមួយរដ្ឋសភាជាន់ខ្ពស់នេប៉ាល់ ដោយជំរុញឱ្យមានការផ្លាល់ប្តូរទស្សនកិច្ចគ្នាទៅវិញ-ទៅមក គ្រប់កម្រិត បង្កើតក្រុមមិត្តភាពទ្វេភាគីសភានេប៉ាល់ជាមួយព្រឹទ្ធសភាកម្ពុជា និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអន្តរសភា ដូចជា IPU, AIPA, APPF, APA ៕

ដោយ ៖ សហការី


ចែករំលែក៖