ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ ដឹកនាំសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់…

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ ទី០២ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង៨ ព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈ៖

១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។

២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។

៣-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធនិងសេចព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ រួមមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន៥រូប។

តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមរួមមានលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន៥រូប។

សេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈទី១ និងទី២នេះ ត្រូវបានលោកកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈ កម្មការទី២ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជួនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងច្បាប់។

ចំពោះសេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈទី៣ ត្រូវបាន លោកគង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងច្បាប់។

បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៦រូបឡើងមានយោបល់ និងលើកជាសំណូមពរ និងសំណួរសុំការបំភ្លឺមកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឡើងបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តយល់ព្រមដោយឥតកែប្រែលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១ និងទី២ ដោយចាត់ទុកជាការប្រញាប់ និងបានអនុម័តយល់ដោយឥតកែប្រែលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី៣ ក្នុងចំនួន៥៧សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល …..៕

ដោយ៖ សូរិយា


ចែករំលែក៖