ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តតាកែវ បំបែកសំណុំរឿងករណីឃាតកម្មចាក់សម្លាប់កូនបំណុល ដោយឃាត់ខ្លួនស្ត្រីម្នាក់នៅស្រុកព្រៃកប្បាស

ចែករំលែក៖

    ខេត្តតាកែវ ៖ ករណីឃាតកម្មចាក់សម្លាប់រវាងកូនបំណុលនិងម្ចាស់បំណុល នៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាសបានចុះស្រាវជ្រាវភ្លាមៗនិងកំណត់មុខសញ្ញាជនល្មើសបាននៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០២៣ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ សពជនរងគ្រោះ ត្រូវបានជនសង្ស័យយកកាំបិតចុងស្រួចចាក់ចំនួន០៦កាំបិត បណ្តាលឲ្យបាត់បង់ជីវិតក្នុងចម្ការស្លឹកគ្រៃ។ 

    នៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-0701 របស់ជនរងគ្រោះ,កាំបិតចុងស្រួច ដងពណ៌ខ្មៅផ្លែប្រវែង ២០ស.ម ចំនួន១ កូនសោម៉ូតូចំនួន១ ស្បែកជើងស៊ក១ចំហៀងពណ៌ខ្មៅ ។

    តាមការស្រាវជ្រាវរហូតដល់ថ្ងៃទី០២ ខែឧសភា ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះនាំយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យ ឈ្មោះ សួន ស៊ីថា អាយុ ៣៤ឆ្នាំ កំពុងស្ថិតក្រោមការស្រាវជ្រាវតាមដានរបស់សមត្ថកិច្ច៕

ដោយ៖ សូរិយា


ចែករំលែក៖