ខេត្តកំពង់ស្ពឺ ៖ កាលពីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៣ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរដែលបានដឹកកម្មករ- កម្មការិនី បណ្តាលអោយបែកកញ្ចក់ផ្នែកខាងមុខ ដែលហេតុការណ៍បានកើតឡើង នៅតាមផ្លូវក្នុងភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រថយន្ដបែកកញ្ចក់ជាកម្មសិទ្ធរបស់ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបបើករថយន្តដឹកកម្មករ ម៉ាកហ៊ីយិនដាយ កូរ៉េពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-8710 ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបន្តថា ដោយបានការយកចិត្ដទុកដាក់ និងចង្អុលការណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ នាព្រឹកថៃ្ង០២ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ស្រាវជ្រាវ និងឃាត់ជនសង្ស័យម្នាក់មានឈ្មោះ ហ៊ុន ហាន ហៅឡុញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ចំពោះវុត្ថុតាងចាប់បាន មានដុំថ្មមួយដុំ ។ សមត្ថកិច្ចបាននាំជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីសាកសួរ និងចំណាត់ការតាមនីតិវិធីបន្ដ៕
ដោយ៖ សូរិយា