ខេត្តស្ទឹងត្រែង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសេសានបានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន២នាក់តាមដីកាបង្គាប់របស់ចៅក្រមក្រោយពីប្រព្រឹត្តបទល្មើសនៅឃុំក្បាលរមាស ស្រុកសេសាន ហើយរត់គេចខ្លួនអស់ជាច្រើនឆ្នាំមក។
ការចាប់ខ្លួនជនត្រូវចោទខាងលើនេះកម្លាំងនគរបាលបានធ្វើឡើងតាមដីកាចំនួន២ក្នុងថ្ងៃតែមួយនាវេលាម៉ោង៩.៥០នាទីថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ ក្នុងភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ដីកាបង្គាប់ឱ្យចាប់ខ្លួនទីមួយលេខ០១០ចុះថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩ដោយលោក អៀង គឹមថុល ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះសឿន រស្មី ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅផ្ទះ១០០
ខ្នងក្នុងភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុក សេសាន ខេត្តស្ទឹងត្រែង ពីបទលួចប្រព្រឹត្តនៅក្នុងភូមិឃុំខាងលើអំឡុងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨។
ដីកាទី២បង្គាប់ឱ្យចាប់ខ្លួនលេខ៧៦១ ចុះថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១២ចេញដោយលោកគង់ កូមិន្ទ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ចាប់ខ្លួនជនត្រូវចោទឈ្មោះម៉ៅ សុភាព ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅផ្ទះ១០០ខ្នងភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងពីបទប្លន់និងបង្ករបួសស្នាមដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០១០ក្នុងលំនៅឋានភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសានខេត្តស្ទឹងត្រែង ។
ក្រោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនកម្លាំងនគរបាលបាននាំខ្លួនជនត្រូវចោទខាងលើបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការបន្ដតាមនីតិវិធី៕
ដោយ ៖ ជីវ័ន្ត