ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ! ភាពជាម្ចាស់ផ្ទះ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ បានមកដល់ហើយ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣ បានប្រារព្ធពិធីបើកជាផ្លូវការ នាល្ងាចថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ យ៉ាងមហោឡារឹក អធិកអធម ប្រកបដោយមោទនភាពជាតិ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ពីគ្រប់ក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អ្នកសារព័ត៌មានក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ៦ម៉ឺននាក់។

កម្ពុជា គឺជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយវាក៏ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។ ជាមួយនឹងថវិកាប្រមាណ ៣០០ លានដុល្លារអាមេរិក (រួមទាំងការចំណាយលើការកសាងពហុកីឡដ្ឋាន និងការរៀបចំ) ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ  នឹងក្លាយជាស៊ីហ្គេមដែលវិនិយោគច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ហើយពិធីបើក និងបិទ ព្រឹត្តិការកីឡានេះនឹងប្រព្រឹត្តទៅតាមស្តង់ដារ “កម្រិតអូឡាំពិក”។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនយកថ្លៃ ការចូលរួមទស្សនា ពិធីបើក-បិទ និងការ ប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ និង មិនយកថ្លៃដូចគ្នាចំពោះ ការផ្តល់សិទ្ធផ្សព្វផ្សាយព័ត៌មានកីឡា  ទាំងក្នុង និងក្រៅប្រទេស។ ការប្រកួតកីឡាស៊ីហ្គេមលើកនេះ នឹងក្លាយជាស៊ីហ្គេមដំបូងបំផុត ដែលកម្ពុជាលើកលែងការបង់ថ្លៃអាហារ ចំនួន ៥០ដុល្លារ ក្នុងមួយថ្ងៃ និងថ្លៃស្នាក់នៅសម្រាប់អត្តពលិកម្នាក់ៗ។

ទន្ទឹមនឹងមោទកភាព ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ការនេះគឺបំផុសឱ្យមានចលនា នៃការរួបរួមជាតិ។ ជាក់ស្តែងមានកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ខណៈដែលអត្តពលិកក្នុងស្រុក បានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការខិតខំហ្វឹកហាត់តាំងពីដើមរហូតមក ដើម្បីការប្រកួតនាឱកាសនេះ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមគាំទ្រ និងផ្តល់នូវកម្លាំងចិត្ត ជូនដល់អត្តពលិកជាតិយើង ឱ្យបានផុសផុល ជាមួយឥរិយាបថសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះទាំងអស់គ្នា៕

ដោយ ៖ សហការី


ចែករំលែក៖