ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានស្នើឲ្យ ប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ ជួយផ្សព្វផ្សាយឲ្យបានច្រើន និងទូលំទូលាយ ពីការពិតនៅប្រទេសកម្ពុជា ពិសេស ផ្សព្វផ្សាយអំពើល្អរបស់សម្តេចតេជោហ៊ុន សែន និងអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមកនិងបាន នឹងកំពុងធ្វើនៅពេលនេះ។
ការស្នើឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា មកពី សា្ថនីយទូរទស្សន៍ហង្សមាស , ក្រុមហ៊ុនថោន, ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៣ ,សម្ព័ន្ធសារព័ត៌មានភាសាចិននៅកម្ពុជា ចំនួន២២៣រូប នៅមន្ទីរបក្សរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ យើងជាប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឲ្យ បានច្រើនពីការពិតនៅកម្ពុជា ថាតើប្រទេសកម្ពុជា បានហែលឆ្លងការលំបាកអ្វីខ្លះ យើងបានប្រឹងប្រែងធ្វើអ្វីខ្លះ រហូតធ្វើអោយប្រទេសមានការអភិវឌ្ឍ រីកចំរើនរហូតមកដល់ពេលនេះ ហើយនរណាជាអ្នកដឹកនាំប្រទេសមួយនេះឲ្យមានការអភិវឌ្ឍរីកចំរើន នោះគឺសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ការបង្ហាញឲ្យ ឃើញពីអំពើល្អរបស់សម្តេចតេជោ ហ៊ុន សែន វានឹងធ្វើឲ្យ ប្រជាពលរដ្ឋ គោរពស្រលាញ់ នាំឲ្យ កម្ពុជា ឈានឆ្ពោះ ទៅសម្រេចគោលដៅរបស់ខ្លួន នោះគឺជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។
ក្នុងឱកាសនោះដែរលោកឃួង ស្រេង មាន ប្រសាសន៍លើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។
លោកក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពតនោះផងដែរ ដោយក្នុងសម័យនោះប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត នៃរបបនោះ។
សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជា អ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារសន្តិភាពឲ្យ បានគង់វង់ ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍន៏ ប្រទេសឲ្យ រីកចំរើនជឿនលឿនបាន ។ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទេ ។
លោកក៏បានស្នើឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេល បោះឆ្នោត២០២៣ នេះ ដើម្បីយើងមានឱកាស កសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចំរើនរុងរឿងបន្ថែមទៀត។
សូមបញ្ជាក់ថា៖ ពិធីប្រកាសសាខាគណបក្សរបស់ ប្រព័ន្ធផ្សព្វផ្សាយទាំង៤ស្ថាប័នខាងលើនេះ រួមមាន៖ ស្ថានីយទូរទស្សន៍ ហង្សមាស ចំនួន៨៦រូប,ក្រុមហ៊ុនថោនចំនួន៨២រូប , ស្ថានីយទូរទស្សន៍ប៉ុស្តីលេខ៣ ចំនួន២៧រូប ,សម្ព័ន្ធសារព័ត៌មានភាសាចិន នៅកម្ពុជាចំនួន២៨រូប សរុបចំនួន២២៣រូប៕
ដោយ ៖ សំរិត