Lionel Messi បានសុំទោសមិត្តរួមក្រុម Paris St-Germain របស់គាត់ ហើយនិយាយថា គាត់នឹងរង់ចាំក្លិបសម្រេចចិត្តថាពួកគេចង់ធ្វើអ្វីជាមួយគាត់ បន្ទាប់ពីធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយគ្មានការអនុញ្ញាត។ ប្រធានក្រុមអាហ្សង់ទីនរូបនេះត្រូវក្លិបផ្អាក២សប្តាហ៍សម្រាប់ការធ្វើដំណើរនេះ ដែលក្រុម PSG ចាញ់ Lorient កាលពីថ្ងៃអាទិត្យ ដែលជាលើកទី៣របស់ពួកគេក្នុងការប្រកួតចំនួន៦នៅពេលដែល Messi លេងបាន៩០នាទី។
Messi បាននិយាយក្នុងវីដេអូបង្ហោះលើ Instagram ថា “ខ្ញុំសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរង់ចាំមើលថា ក្លិបសម្រេចចិត្តយ៉ាងណា។ ខ្ញុំគិតដោយស្មោះត្រង់ថា ពួកយើងនឹងមានថ្ងៃសម្រាកបន្ទាប់ពីការប្រកួតដូចដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ខ្ញុំបានរៀបចំដំណើរកម្សាន្តនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយបានលុបចោលវាពីមុនមក លើកនេះខ្ញុំមិនអាចលុបចោលវាបានទេ”។
Messi គ្រោងនឹងចាកចេញពី PSG នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅ។ កីឡាករវ័យ៣៥ឆ្នាំដែលត្រូវក្លិបពិន័យក៏មានតួនាទីជាទូតទេសចរណ៍ប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោក Christophe Galtier អ្នកចាត់ការទូទៅរបស់ PSG និយាយថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការព្យួរ Messi នោះទេ ខណៈដែលលោកក៏ថ្កោលទោសការតវ៉ារបស់អ្នកគាំទ្រនៅខាងក្រៅផ្ទះរបស់កីឡាករផងដែរ។
លោក Galtier វ័យ៥៦ឆ្នាំបាននិយាយកាលពីថ្ងៃសុក្រថា “ការព្យួររបស់ Lionel Messi បានបន្ថែមទៅលើការសម្តែងមិនល្អ យើងមិនអាចលាក់ខ្លួននៅពីក្រោយវាបានទេ។ ការសម្រេចចិត្តគឺមិនពាក់ព័ន្ធជាមួយខ្ញុំទេ។ ខ្ញុំត្រូវបានគេជូនដំណឹងអំពីការសម្រេចចិត្ត ខ្ញុំមិនអាចនិយាយថាវាជារយៈពេលដ៏រីករាយនោះទេ”។
ក្រុម PSG ឈរនៅកំពូលតារាង Ligue 1 ដោយ៥ពិន្ទុជាមួយនឹងការប្រកួតចំនួន៥ដែលត្រូវលេង ប៉ុន្តែបានធ្លាក់ចេញពី Champions League ហើយចាញ់ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ French Cup។ មានការតវ៉ាពីអ្នកគាំទ្របន្ទាប់ពីការបរាជ័យរបស់ពួកគេក្រោមស្នាដៃក្រុម Lorient ។
អ្នកគាំទ្រក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar របស់ក្លិបកាលពីថ្ងៃពុធ ដោយស្រែកឱ្យគាត់ចាកចេញពីក្លិប។កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវអវត្តមានដោយសារតែរបួសកជើង។សកម្មភាពរបស់អ្នកគាំទ្របានជំរុញឱ្យក្លិបបង្កើនសន្តិសុខនៅផ្ទះរបស់ Messi, Neymar, ខ្សែបម្រើអ៊ីតាលី Marco Verratti និងលោក Galtierក៏ដូចជានៅទីលានហ្វឹកហាត់របស់ក្លិបផងដែរ។
លោក Galtier បញ្ជាក់ថា “ទាក់ទងនឹងការតវ៉ានៅមុខផ្ទះរបស់កីឡាករ យើងត្រូវប្រុងប្រយ័ត្ន។ ជីវិតឯកជនត្រូវតែរក្សាភាពឯកជន។ ខ្ញុំអាចយល់ពីកំហឹង ការខកចិត្តរបស់អ្នកគាំទ្រ។ អ្នកអាចតវ៉ានៅទីលានហ្វឹកហាត់ ឬនៅការិយាល័យ PSG ឬបន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន Parc des Princes ប៉ុន្តែខ្ញុំមិនអាចទទួលយកវានៅផ្ទះនរណាម្នាក់បានទេ។ មានរឿងទាំងនេះជាច្រើនកំពុងកើតឡើងនៅពេលនេះ ហើយវាអាចមិនអាចគ្រប់គ្រងបាន និងមានគ្រោះថ្នាក់”៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)