ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីរ៉ង់ ប្រហារជីវិតពលរដ្ឋស៊ុយអែត ដើមកំណើតអ៉ីរ៉ង់ម្នាក់ ដោយព្យួរ.ក

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣នេះ អ៉ីរ៉ង់ បានប្រហារជីវិតដោយព្យួរ.កសកម្មជនប្រឆាំងស៊ុយអែតម្នាក់មានដើមកំណើតអ៉ីរ៉ង់ ឈ្មោះហាពីប ហ្វារ៉ាជលឡោះ ឆាអាប់ (Habib Farajollah Chaab) ពីបទប្រព្រឹត្តអំពើភេរវកម្ម។
លោក ហាពីប ហ្វារ៉ាជលឡោះ ឆាអាប់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសអ៉ីរ៉ង់ កាលពីខែតុលា ឆ្នាំ២០២០ បន្ទាប់ពីរូបលោកត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនកំលុង ការធ្វើទស្សនកិច្ច ទៅកាន់ប្រទេសតួកគី ហើយក្រោយមកស្រាប់តែបង្ហាញខ្លួននៅក្នុងសវនាការក្នុងទីក្រុងតេហេរ៉ង់។ តុលាការអ៉ីរ៉ង់បានចោទប្រកាន់លោក ឆាអាប់ ថាជាមេដឹកនាំក្រុមឧទ្ទាមមួយដែល ត្រូវបានអាជ្ញាធរអ៉ីរ៉ង់ ចោទប្រកាន់ថាជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មសម្លាប់មនុស្ស ២៥នាក់ នៅឯព្យុហយាត្រាយោធាមួយកាលពីឆ្នាំ២០១៨។ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ទើបតុលាការអ៉ីរ៉ង់ប្រកាសផ្ដន្ទាទោសប្រហារជីវិតសកម្មជនរូបនេះ។
អ៉ីរ៉ង់ កាលពីឆ្នាំ២០២០ បានអះអាងថាកងកម្លាំងរបស់ខ្លួន បានឃាត់ខ្លួនលោក ហាពីប ហ្វារ៉ាជលឡោះ ឆាអាប់ នៅក្នុងប្រទេសតួកគី និងនាំខ្លួនលោកទៅកាន់ប្រទេស អ៉ីរ៉ង់ តែមិនបានបញ្ជាក់លម្អិតអ្វីនោះទេ ខណៈស៊ុយអែតបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់តុលារការអ៉ីរ៉ង់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP


ចែករំលែក៖