ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួនបានហើយ!ល្បង២នាក់ ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋ តាមដងផ្លូវ ឃាត់បានម្នាក់ហើយ នៅសល់១ទៀត ល្បងដោះអាវ !

ចែករំលែក៖

ភ្នំពេញ ៖ ថាមិនយូរទេ ! ឱ្យតែប្រព្រឹត្តល្មើសច្បាប់ ក្នុងសម័យបច្ចេកវិទ្យាទំនើប មានទាំងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយព្រោងព្រាត សុទ្ធតែជាព័ត៌មាន ផ្ដល់ជូនដល់សមត្ថកិច្ចក្នុងការបំពេញតួនាទីភារកិច្ចបង្ក្រាប។ ទីបំផុត !  បុរស២នាក់ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋកាលពីយប់មិញវេលាម៉ោង ១១ និង៣០  នាទីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចកងកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានម្នាក់ ហើយយកមកសួរនាំតាមនីតិវិធី។

សូមរំលឹកបុរសពីរនាក់ ជិះម៉ូតូណៃហត ១គ្រឿង ធ្វើខ្លួនឯងជាសមត្ថកិច្ច ចាប់ប្រជាពលរដ្ឋឆែករកគ្រឿងញៀននិងប្រើហិង្សា ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតទ្បើងនៅម៉ោងជិត១២យប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពី ពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) បានបញ្ចប់ បានជាង ១ម៉ោង។

ក្រោយកើតហេតុភ្លាមៗជនស៊ីវិលទាំងពីរនាក់នោះ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះ រៀងៗខ្លួនទៅ ។

ទោះជាជនរងគ្រោះ មានការភ័យខ្លាច និងមិនចង់ឲ្យមានករណីវែងឆ្ងាយនោះក៏ដោយ ឬគ្មានពាក្យបណ្ដឹង ។ ចំពោះសមត្ថកិច្ចនគរបាលខណ្ឌសន្តិសុខ មិននៅស្ងៀមក្នុងរឿងនេះឡើយ។

សូមជម្រាបជូនថា , ក្រុមជនឆក់ឱកាស ច្រើនធ្វើសកម្មភាព ផ្សេងៗទៅលើប្រជាពលរដ្ឋ ហើយប៉ះពាល់ដល់ស្ថាប័នសមត្ថកិច្ចក្នុងមូលដ្ឋាន ដែលជាកត្តាត្រូវលុបបំបាត់ឱ្យខានតែបាន ។ 

សមត្ថកិច្ចកំពុងតែតាមប្រមាញ់ អន្ទិតអត់អាវម្នាក់ទៀត ដែលគេសង្ឃឹមថា មិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖