ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ច នៅស្រុកគាស់ក្រឡនិងស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡនិងស្រុកថ្មគោល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ក៏មករាយការណ៍ជូនសមត្ថកិច្ចចំនួន ០២ករណីផ្សេងគ្នា។ 

យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​បានឱ្យដឹងថា​ ករណីទី១ វេលាម៉ោង១០និង៣០នាទី កម្លាំងប្រជាការពារឈ្មោះ ស្រិល ម៉ើ ភេទប្រុស​ អាយុ ៤៥ឆ្នាំ រស់នៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបងបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១គ្រាប់​នៅលើភ្លឺស្រែ ត្រង់ចំណុចបល្ល័ង្កជើង ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល។ ក្រោយពីទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ចំនួន០១គ្រាប់ ហើយសមត្ថកិច្ចបានរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកម្ទេចចោល។​ 

ករណីទី២ ស្ថិតនៅក្នុងចំណុចទួលវែង ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ប្រភេទ B40 ចំនួន ០១គ្រាប់ ហើយសមត្ថកិច្ចក៏បានរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកម្ទេចចោល។​ 

ឆ្លៀតក្នុងឱកាសនោះ​ នគរបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕

ដោយ​៖ អរុណរះ


ចែករំលែក៖