ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានី៖ សូមគាំទ្រ ការចាត់ចែង ធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព អនាម័យសាធារណៈបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្តែងការគាំទ្រ ចំពោះអាជ្ញាធររាជធានី ដែលអនុវត្តការងារបានល្អក្នុងការរៀបចំការចាត់ចែង ធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព អនាម័យសាធារណៈបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី ពិសេសទៀត នោះ ឱ្យមានរថយន្តក្រុងដឹកជញ្ជូនប្រជាជនពី រាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនិងពីតាមបណ្តាខេត្តមកកាន់រាជធានីវិញ ដោយមិនបង់ប្រាក់ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការរៀបចំពិធីសង្ក្រាន្តវត្តភ្នំ ប្រកបដោយជោគជ័យ ជាមួយនិងការរៀបចំ ចាត់ចែង ធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព អនាម័យសាធារណៈបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

   ការកោតសរសើរបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១១ ឧសភាឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោក និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។

  លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅ នេះ បានរៀបចំឱ្យមានរថយន្តក្រុងចំនួន៣៤៥គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាជនធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្តមកកាន់រាជធានីភ្នំពេញវិញដោយមិនបង់ប្រាក់ធ្វើឱ្យប្រជាជនសាទរ និងគាំទ្រយ៉ាងច្រើនលើសលប់។បន្ថែមពីនេះ រដ្ឋបាលរាជធានីបានការរៀបចំពិធីសង្ក្រាន្តនៅរ មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ប្រកបដោយជោគជ័យនិងបានបង្កលក្ខណៈទាក់ទាញប្រជាជន ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជាងបណ្តាឆ្នាំកន្លងទៅ ដោយបានចូលរួម លេងកម្សាន្ត សប្បាយរីករាយអស់ពីចិត្ត ក្រោមម្លប់សន្តិភាព និងក្រោមម្លប់នៃបារមីដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។    

      លោកម៉ប់ សារិន បានមានប្រសាសន៍បនកតថា៖ ក្រោមម្លប់សន្តិភាព និងក្រោយពីស្ថានភាពជំងឺកូរីដ-១៩ បានធូស្រាល និងយោងតាមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ឆ្នាំនេះការរៀបចំសង្ក្រាន្តនៅទូទាំងប្រទេសបានប្រព្រឹត្តទៅយ៉ាង ទូលំទូលាយ និងល្អប្រសើរ ដែលតាមតួលេខរបស់ក្រសួងទេសចរណ៍មានមហាជនចូលរួមរហូតដល់ ជាង១៣ លាននាក់ ក្នុងនោះសូមកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដែល បានសហការជាមួយថ្នាក់ជាតិក្នុងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ លើព្រឹត្តការណ៍ ធំៗ២ គឺទី១ការរៀបចំសង្ក្រាន្តនៅរមណីយដ្ឋានវត្តភ្នំ ដែលមានមហាជនចូលរួមជាង១លាននាក់ ប្រកបដោយសុវត្ថិភាពយ៉ាងសប្បាយរីករាយ និងទី២ គឺព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីខកខានអស់រយៈពេល៦៤ឆ្នាំ បានធ្វើឱ្យមតិជាតិ និងអន្តរជាតិកោតសរសើរយ៉ាងខ្លាំង ទាំងការរៀបចំ ចាត់ចែង ធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព អនាម័យសាធារណៈបានល្អប្រសើរ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេសបានចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមនេះ និងទទួលបានមេដាយច្រើនលើសលុបហួសពីការស្មាន ដែលនេះជាមោទនភាពជាតិយើង។

     លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះ អាជ្ញាធររាជធានី គឺជាការលើកទឹកចិត្ត ដើម្បីអោយអាជ្ញាធរ អនុវត្តការងារកាន់តែល្អបន្ថែមទៀត។លោកបន្តថា អ្វីដែលយើងត្រូវអនុវត្តបន្តនោះ គឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ទាំងក្រុមប្រឹក្សារាជធានី រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌ សង្កាត់ ពិសេសគឺការ កាត់បន្ថយភាព អសកម្មនានា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត ៕

ដោយ ៖ សំរិត


ចែករំលែក៖