សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថារបបដឹកនាំយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមានភាព រីកចម្រើនណាមួយក្នុងការអនុវត្តតាមផែនការសន្តិភាព ដែលបានព្រមព្រៀងគ្នាជាមួយអាស៊ានកាលពីជាង២ឆ្នាំមុននោះទេ ដូច្នេះអាស៊ានត្រូវបង្ហាញសាមគ្គីភាពក្នុងការ សម្រេចចិត្តថាតើត្រូវដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដោយរបៀបណា។លោក ចូកូ វីដូដូ ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣នេះ ធ្វើការកត់សម្គាល់ខាងលើនៅឯកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុង Labuan Bajo ជាទីដែលផែនការសន្តិភាព៥ចំណុចសម្រាប់មីយ៉ាន់ម៉ា គឺជារបៀបវារៈសំខាន់នៅក្នុងកិច្ចពិភាក្សា។ «ខ្ញុំសូមនិយាយដោយស្មោះ។ ការអនុវត្តផែនការសន្តិភាព៥ចំណុច មិនមានភាពរីកចម្រើនឡើយ ដូច្នេះអាស៊ានត្រូវរួបរួមសាមគ្គីគ្នា ដើម្បីសម្រេចចិត្តលើជំហានបន្ទាប់»។ នេះជាការលើកឡើងរបស់លោក វីដូដូ។
របបសឹកមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយសារតែបរាជ័យក្នុងការអនុវត្តតាមផែនការសន្តិភាព ដែលមេដឹកនាំ របបសឹកបានឯកភាពជាមួយអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅឯរដ្ឋធានីហ្សាការតា។ ដោយឡែក អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន (Kao Kim Hourn) បានប្រាប់ Reuters នៅក្រៅកិច្ចប្រជុំកំពូលថាផែនការសន្តិភាព៥ចំណុច ដែលក្នុងនោះរួមមានទាំងការបញ្ឈប់អំពើហិង្សា ការសម្រួល យ៉ាងពេញលេញដល់កិច្ចការមនុស្សធម៌ និងកិច្ចសន្ទនាជាមួយគ្រប់ភាគី នឹងបន្តបម្រើជាមូលដ្ឋាននៃការជជែកជាមួយរបបសឹក ហើយយើងចង់ឃើញការបញ្ឈប់ អំពើហិង្សាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ដោយ៖ ធីរីណា
រូបថត ៖ ASEAN2023 Host Photographer