ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋទៅនេសាទបានត្រីក្រពតប្រហែលកន្លះគីឡូក្រាមយកមកផ្ទះធ្វើឱ្យស្អាតលាយជាមួយគ្រឿងដាក់ស្ងោរក្នុងទឹកមួយអំពុះ រួចស្រង់យកមកក្លែមជាមួយស្រាបៀរមួយយួរ ដែលមានគ្នាចំនួន៤នាក់ បណ្ដាលឱ្យពុលចំនួន៣នាក់ ចំណែកម្នាក់ទៀតមិនហ៊ានហូបនោះទេព្រោះខ្លាចពុល ក៏រួចខ្លួន។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ លុះរហូតដល់ពេលរសៀលថ្ងៃដដែល មនុស្សចំនួនពីរនាក់ក៏មានអាការៈមិនស្រួល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ថា នៅព្រឹកថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីព្រឹក គាត់បានទទួលព័ត៌មានពីលោកមេភូមិទួលឃ្លាំងថា មានប្រជាពលរដ្ឋចំនួន៤នាក់ បានហូបស្រាក្លែមត្រីក្រពតបណ្ដាលឱ្យពុលចំនួន៣នាក់ ក្នុងនោះស្លាប់ម្នាក់ និង២នាក់ទៀតយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា អ្នកដែលទៅរកត្រីក្រពតពីបឹង គឺឈ្មោះ អុន អឿន ភេទប្រុស ជនជាតិខែ្មរ អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (ស្លាប់) នៅវេលាម៉ោងប្រហែលជា៤រសៀល ថ្ងៃទី៩ ខែឧសភា។ ដោយឡែកអ្នកដែលចូលរួមផឹកស៊ីក្លែមជាមួយគ្នា២នាក់ទៀតមានអាការៈមិនស្រួលក៏ប្រញាប់ប្រញាល់ឲ្យសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ក្នុងនោះរួមមាន ៖ ១- ឈ្មោះ ឃាន រិន ភេទប្រុស ជនជាតិខែ្មរ អាយុ៥០ឆ្នាំ នៅភូមិទួលឃ្លាំង ឃុំព្រះធាតុស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (សង្គ្រោះបន្ទាន់) និង២- ឈ្មោះ អឿន វ៉ិត ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ រស់ភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ (សង្គ្រោះបន្ទាន់)។ ចំណែកម្នាក់ទៀតមានឈ្មោះ ថាវ ម៉េងស្រ៊ុន ភេទប្រុស ជនជាតិខែ្មរ អាយុ២៦ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (មិនបានហូប ព្រោះតែខ្លាចពុល)។
បើតាមការបំភ្លឺពីម្តាយជនរងគ្រោះឈ្មោះ សុខ ខែម អាយុ៧៥ឆ្នាំ រស់ភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជនរងគ្រោះពិតជាបានពុលត្រីក្រពតពិតប្រាកដមែន។
មន្ត្រីនគរបាលមូលដ្ឋានបញ្ជាក់បន្ថែមថា ចំពោះបុរស២នាក់ដែលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិននោះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយយកចិត្តទុកដាក់ ដោយដាក់សេរ៉ូមបន្សាប រួមជាមួយនឹងថ្នាំពេទ្យអស់៣កំប្លោក ក៏បានធូរស្រាលហើយនឹងបានត្រឡប់មកផ្ទះវិញហើយដែរ៕
ដោយ៖ សហការី