អ្នករៀបចំកម្មវិធីវាយតឺន្នីស Madrid Open បានសុំទោសដល់កីឡាករ និងអ្នកគាំទ្រចំពោះ “ការសម្រេចចិត្តដែលមិនអាចទទួលយកបាន” ក្នុងការមិនអនុញ្ញាតឱ្យក្រុមនារីដែលជាប់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាវាយតឺន្នីសទាំង២ធ្វើសុន្ទរកថាធ្វើបទបង្ហាញ។
កីឡាការិនី Victoria Azarenka និង Beatriz Haddad Maia បានផ្តួលកីឡាការិនីអាមេរិក Jessica Pegula និង Coco Gauff ក្នុងលទ្ធផល ៦–១និង ៦–៤ កាលពីថ្ងៃពុធ។
បេក្ខភាពចុងក្រោយទាំងអស់ក្នុងវិញ្ញាសាឯកត្តជន និងវិញ្ញាសាវាយគូបុរស ត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ហ្វូងមនុស្សបន្ទាប់ពីការប្រកួតរបស់ពួកគេ។ អ្នករៀបចំកម្មវិធីនិយាយថា ពួកគេបានសុំទោសដោយផ្ទាល់ចំពោះកីឡាករទាំង៤ដែលពាក់ព័ន្ធ។
លោក Gerard Tsobanian នាយកប្រតិបត្តិនៃការប្រកួតបាននិយាយថា “យើងសូមអភ័យទោសដោយស្មោះចំពោះកីឡាការិនី និងអ្នកគាំទ្រទាំងអស់ ដែលរំពឹងថា នឹងមានការប្រកួត Mutua Madrid Open បន្ថែមទៀត។ ការមិនផ្តល់ឱកាសឱ្យក្រុមនារីចុងក្រោយរបស់យើងនិយាយទៅកាន់អ្នកគាំទ្ររបស់ពួកគេនៅចុងបញ្ចប់នៃការប្រកួតគឺមិនអាចទទួលយកបានទេ ហើយយើងបានសុំទោសដោយផ្ទាល់ទៅកាន់ Victoria, Beatriz, Coco និង Jessica” ។
លោកបន្តថា “យើងកំពុងធ្វើការផ្ទៃក្នុង និងជាមួយ WTA (សមាគមកីឡាវាយតឺន្នីសនារី) ដើម្បីពិនិត្យឡើងវិញនូវពិធីការរបស់យើង ហើយប្តេជ្ញាកែលម្អដំណើរការរបស់យើងឆ្ពោះទៅមុខ។ យើងបានប្រព្រឹត្តកំហុសហើយរឿងនេះនឹងមិនកើតឡើងម្តងទៀតទេ”។
អ្នករៀបចំបាននិយាយដំបូងថា ពួកគេនឹងមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ នៅពេលដែលត្រូវបានទាក់ទងដោយ BBC Sport កាលពីដើមសប្តាហ៍នេះ។
កីឡាការិនីអាមេរិក Jessica Pegula បាននិយាយថា ការសម្រេចចិត្តនេះគឺខកចិត្ត ហើយបានចោទសួរថា តើអ្នកគ្រប់គ្នាកំពុងរស់នៅក្នុងសតវត្សរ៍ណា? ខណៈដែល Azarenka របស់ប្រទេសបេឡារូសបាននិយាយថាវាពិបាកពន្យល់ថា ហេតុអ្វីបានជានាងមិនអាចនិយាយទៅកាន់គាត់ក្នុងសុន្ទរកថាជ័យជំនះ។
សមាគមអ្នកលេងកីឡាវាយតឺន្នីសអាជីពបានអះអាងថា កីឡាករត្រូវបានបដិសេធសិទ្ធិក្នុងការបញ្ចេញមតិ។
WTA ដែលជាស្ថាប័នគ្រប់គ្រងដំណើរប្រកួតទេសចរណ៍របស់ស្ត្រីមិនបានធ្វើអត្ថាធិប្បាយទេ។
ការមិនអនុញ្ញាតខាងលើនេះបាននាំមកនូវការចោទប្រកាន់កាន់តែច្រើនអំពីការរើសអើងនៅក្នុងការប្រកួតលើទីលាន បន្ទាប់ពីការរិះគន់លើសម្លៀកបំពាក់របស់ក្មេងស្រីបាល់ និងភាពខុសគ្នានៃទំហំនំខួបកំណើតដែលបានបង្ហាញដល់ម្ចាស់ជើងឯកបុរស Carlos Alcaraz និងជើងឯកនារី Aryna Sabalenka ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)