ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនដាក់ពង្រាយប្រព័ន្ធមីស៊ីល S-300 នៅតំបន់ភាគខាងកើត

ចែករំលែក៖

កម្លាំងទាហានអ៊ុយក្រែនបានដាក់ពង្រាយកងពលកាំជ្រួចមីស៊ីល S -300 ទៅកាន់តំបន់ Nilolaev និងKherson ជាប់ព្រំដែនគ្រីមៀដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសរុស្ស៊ី ។

ព័ត៌មានខាងលើកើតឡើងក្រោយមួយថ្ងៃដែលបណ្តាញទូរទស្សន៍របស់អ៊ុយក្រែនបានផ្សាយថា រុស្ស៊ីបានបញ្ជូនអាវុធជាច្រើនចូលទៅកាន់តំបន់គ្រីមៀ ក្នុងនោះមានទាំង អាវុធបរមាណូផងដែរ។

ព័ត៌មានពីក្រុមចារកម្មអ៊ុយក្រែនបង្ហាញ ឲ្យឃើញថា នៅពេលនេះតំបន់គ្រីមៀដែល គ្រប់គ្រងដោយរុស្ស៊ីនោះមានសព្វាវុធទំនើបជាច្រើនបានបញ្ជូនមកដល់ទីនេះក្នុងនោះមានរថក្រោះ៣០គ្រឿង នាវាមុជទឹក៣គ្រឿង និងកាំជ្រួចមីស៊ីលទំនើប S-400 ចំនួន១៥ដើម។

មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា ស្ថានភាពកាន់ តែតានតឹងក្រោយពេលដែលរុស្ស៊ីបានបញ្ជូនទាំងអាវុធបរមាណូមកកាន់ទីនេះ ។ កាលពីសប្តាហ៍កន្លងមកអ៊ុយក្រែនក៏បានប្រកាសថា បានត្រៀមលក្ខណៈធ្វើសង្គ្រាមនៅតំបន់ភាគខាងកើតក្រោយពេលរុស្ស៊ី​បានចោទប្រកាន់ថាចារកម្មអ៊ុយក្រែនឡើង គម្រោងវាយប្រហារភេរវកម្មនៅតំបន់គ្រីមៀ។

សហគមន៍អន្តរជាតិបង្ហាញក្តីព្រួយបារម្ភ យ៉ាងខ្លាំងពីភាពតានតឹងដែលកំពុងតែកើត ឡើងនៅក្នុងប្រទេសអ៊ុយក្រែន ។ រដ្ឋមន្ត្រី​ការបរទេសអាល្លឺម៉ង់លោក Walter Steinmeier បានជំរុញឲ្យប្រទេសទាំង២រក្សាការ អត់ធ្មត់ចៀសវាងមានហេតុការណ៍អាក្រក់ជាងនេះ។

កន្លងមករដ្ឋាភិបាលទីក្រុងគៀវ ស្នើ កោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្រសិនបើភាពតានតឹងនៅតែបន្ត ចោទអាជ្ញាធរអ៊ុយក្រែនថា ជាអ្នកចាត់ចែង ឲ្យមានការប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្មនៅ លើទឹកដីគ្រីមៀ។

តាមសម្តីតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែនប្រចាំនៅ អ.ស.ប. លោកអគ្គរដ្ឋទូត Volodymyr Yelchenko ឲ្យដឹងថា ” យើង ត្រៀមជានិច្ច ចំពោះអំពើបង្កហេតុថ្មីៗពីខាង រុស្ស៊ី។ យើងចិញ្ចឹមទុកគម្រោងកោះប្រជុំ នេះ ហើយបើស្ថានការណ៍តានតឹងហួសកម្រិតនោះយើងនឹងសុំឲ្យកោះប្រជុំភ្លាម ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.”។

អ៊ុយក្រែនបានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. កាលពីខែមករា ឆ្នាំ២០១៦ ហើយមានសិទ្ធិកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាអ.ស.ប. បើខ្លួនយល់ថា មានបញ្ហាណាមួយដែលជាគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ។ ក្នុងរយៈពេលនេះអ៊ុយក្រែនបាន កោះប្រជុំក្រុមប្រឹក្សានេះតែមួយលើកគត់ដើម្បីឧទ្ទិសដល់វិបត្តិក្នុងប្រទេសខ្លួនដោយសុំឲ្យ អ.ស.ប. ពង្រាយទ័ពមួកខៀវខាងរក្សាសន្តិភាពនៅតំបន់បះបោរខាងកើតអ៊ុយក្រែន ។ ប៉ុន្តែរហូតមកទល់ឥឡូវសំណើរបស់អ៊ុយក្រែននៅកកស្ទះដោយមកពីមានការជំទាស់ពីខាងរុស្ស៊ីដែលបំពាក់ ទៅដោយសិទ្ធិវេតូ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ៕ ម៉ែវ សាធី

s300


ចែករំលែក៖