ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពភាពយន្តកូរ៉េលើក ទី១២ បង្កើនចំណងជិតស្និទ្ធ រវាងកម្ពុជា នឹងប្រជាជនកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ មហោស្រពភាពយន្តកូរ៉េលើកទី១២ ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ។ កម្មវិធីនេះ ក៏នឹងក្លាយជាស្ពានបង្កើនការរិតចំណងមិត្តភាពផ្លាស់ប្តូរវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងកូរ៉េផងដែរ ។

កម្មពិធីបើកមហោស្រពភាពយន្តកូរ៉េលើកទី១២ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា Oh Nak Young លោកសោម សុគន្ឋ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ ។

ថ្លែងក្នុងឱកាសបើកពិធីមហោស្រពភាពយន្តកូរ៉េ លោក Oh Nak Young បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ភាពយន្តកូរ៉េមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយសារតែមានការហូរចូលអ្នកមានទេពកោសល្យ ច្នៃប្រឌិត ភាពទំនើប ផ្នែកបច្ចេកវិទ្យា និងកំណើននៃការវិនិយោគ ។

ភាពរុងរឿង នៃវិស័យភាពយន្តនេះ ត្រូវបានស្តែងឲ្យឃើញតាមរយៈស្នាដៃ ភាពយន្តមានគុណភាពខ្ពស់ជាច្រើន ដែលផលិតដោយអ្នកដឹកនាំខ្សែភាពយន្តកូរ៉េ ហើយទទួលបានការគាំទ្រពីអន្តរជាតិថែមទៀត ។ ភាពយន្ត ដែលលើកមកបញ្ចាំងនេះ ក្រោមចំណងជើងថា «Canola» ភាពយន្ត ដែលមានលក្ខណៈពិសេសនេះ នឹងផ្តល់ឱកាសឲ្យអ្នកមានតម្លៃក្នុងការគិតគូរអំពីអត្ថន័យយ៉ាងពិតប្រាកដ នៃការស្រឡាញ់គ្រួសារ ហើយភាពយន្តនេះ ក៏បង្ហាញអំពីទស្សនីយភាព កោះJeju ដ៏ស្រស់ស្អាតផងដែរ ។

លោកអ្នកអាចទស្សនាភាពយន្តចំនួន៥ ក្នុងចុងសប្តាហ៍ នៅរោងភាពយន្ត Prime Cineplex ដែលមានទីតាំងក្នុងផ្សារទំនើប សុវណ្ណា ដោយឥតគិតថ្លៃ ។ មហោស្រពនេះ នឹងផ្តល់ឱកាសបន្ថែមទៀត ដល់ប្រជាជនកម្ពុជា ដោយអាចស្គាល់វប្បធម៌ពិតប្រាកដរបស់កូរ៉េ ។

លោកសោម សុគន្ឋ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា នឹងកូរ៉េបានចាប់ផ្តើមឡើងវិញនៅក្នុងឆ្នាំ១៩៩៧ ហើយរយៈពេលជាង២០ឆ្នាំ យើងទាំង២បានខិតខំជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ ។

ពីមួយឆ្នាំទៅមួយឆ្នាំទំនាក់ទំនងទ្វេភាគីនេះ មានការរីកចម្រើនជាលំដាប់ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច អភិវឌ្ឍន៍ និងវិស័យវប្បធម៌ ។

ជាក់ស្តែងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់កំពូល នៃប្រទេសទាំង២ បានបញ្ជាក់យ៉ាងច្បាស់ ពីភាពសហការស៊ីជម្រៅលើគ្រប់វិស័យ រវាងប្រជាជាតិ និងប្រជាជនយើង ។

តាមរយៈទំនាក់ទំនងដ៏ល្អនេះ ចំនួនទេសចរណ៍ជនជាតិកូរ៉េបានមកទស្សនាកម្ពុជា កាន់តែច្រើនឡើង និងបានឈ្វេងយល់កាន់តែសុីជម្រៅអំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់កម្ពុជា ។

ព្រឹត្តិការណ៍មហោស្រពភាពយន្តកូរ៉េនៅកម្ពុជា នាពេលនេះ បានបង្ហាញឲ្យឃើញលើវិស័យវប្បធម៌ រវាងប្រទេសទាំង២ និងបានបញ្ជាក់ពីមនោសញ្ចេតនាស្រឡាញ់រាប់អាននិងចេះជួយគ្នាទៅវិញទៅមក រវាងប្រជាជាតិ នឹងប្រជាជាតិ។

ភាពយន្តជាមធ្យោបាយសម្រាប់ផ្សព្វផ្សាយសិល្បៈ វប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចិត្តគំនិតមនុស្ស និងឧស្សាហកម្ម ដែលអាចរកប្រាក់ចំណូលបានច្រើន ពិសេសមានតួនាទីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ៕ វឌ្ឍនា


ចែករំលែក៖