ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបបញ្ជាក់ និងបំភ្លឺជូនសាធារណជនទាំងអស់ឱ្យ បានជ្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរ សម្រាកព្យាបាលដែលមានឈ្មោះដូចតទៅ៖
១. មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម
២. មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ
៣. មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង
មន្ទីរសម្រាកព្យាបាលទាំង ៣កន្លែងខាងលើនេះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម (Sihanouk Hospital Center of Hope (SHCH)] នោះឡើយ។
នាពេលកន្លងមកនេះ ក្រសួង បានខិតខំពង្រឹងការងារផ្តល់សេវាសុខាភិបាល ជាពិសេសផ្នែកឯកជននេះ ឱ្យបានសមស្របទៅនឹងនិយាមប្រតិបត្តិស្តង់ដារអប្បបរមា (Minimum standard) ដែលក្រសួងបានចេញ ផ្សព្វផ្សាយរួចហើយនៅដើមឆ្នាំ២០២៣នេះ ជាមួយនឹងការជំរុញឱ្យមានការអនុវត្តន៍សេចក្តីណែនាំ និងច្បាប់ ទម្លាប់នានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកនេះ ក្រសួង ក៏ធ្លាប់បានបិទគ្លីនិកឯកជន មួយចំនួនដែលមិនគោរពតាមច្បាប់ទម្លាប់ ឬក៏បានប្រព្រឹត្តនូវទង្វើមិនសមស្របតាមគោលការណ៍បច្ចេកទេស ហើយ ក្រសួង នឹងបន្តធ្វើការត្រួតពិនិត្យបច្ចេកទេសនេះ តាមរយៈក្រុមការងារដែលបានបង្កើតឡើងរួចហើយ នៅតាម សេវាឯកជនផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋលើការបន្តការតាមដានសុខភាព ឬការស្វែងរកការពិនិត្យព្យាបាលជំងឺនោះ ក្រសួង ក៏សូមបញ្ជាក់ជូនផងដែរថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានមន្ទីរជាតិចំនួន ១២កន្លែង មន្ទីរពេទ្យរាជធានី-ខេត្តចំនួន ២៥ មន្ទីរពេទ្យបង្អែកស្រុកចំនួន ៩៥កន្លែង មណ្ឌលសុខភាពចំនួន ១.២៨៨កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១២៥កន្លែង ដែលកំពុងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរើសវណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយដែលជាជម្រើសសម្រាប់បងប្អូន ដែលមានបំណងទៅស្វែងរកការពិនិត្យ និងព្យាបាលសុខភាព ហើយមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិមួយចំនួន ក៏មានបម្រើសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម បេះដូង សរសៃប្រសាទនិងជំងឺផ្សេងៗផងដែរ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ័ន្តច្រឡំមន្ទីរសម្រាកព្យាបាលឯកជនទាំង ៣ ដែលក្រសួងបានបិទ ខាងលើនេះ ថាជាមន្ទីរពេទ្យព្រះសីហនុមណ្ឌនៃក្ដីសង្ឃឹម ដែលជាមន្ទីរពេទ្យរដ្ឋកំពុងត ដំណើរការ ហើយសូមអំពាវនាវឱ្យមន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯកជនទាំងអស់ ចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពសេវា ការអនុវត្តបរិវត្តកម្មឌីជីថលសុខាភិបាល និងការអនុវត្តគោលការណ៍ ប្រតិបត្តិ ព្រមទាំងច្បាប់ទម្លាប់ដែលមានជាធរមានឱ្យបានល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដល់ការលើកកម្ពស់ សុខភាពប្រជាជនកម្ពុជាទូទៅ ៕
ដោយ ៖ សិលា