ព័ត៌មានទាន់ហេតុការណ៍៖

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា

ចែករំលែក៖

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan T. M. Reckford នាយកប្រតិបត្តិនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូនអំពីបេសកកម្ម និងសកម្មភាពរបស់អង្គការ HFHI នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា ស្របតាមចក្ខុវិស័យ «ពិភពលោកដែលមនុស្សគ្រប់រូបមានទីកន្លែងសមរម្យសម្រាប់ការរស់នៅ»។ លោកនាយកប្រតិបត្តិ បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍលំនៅឋានសមរម្យ ការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់អង្គការ HFHI ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣ មក។ លោកបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយផ្តល់លំនៅឋានជូនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ លើសពីនេះ នាយកប្រតិបត្តិអង្គការ HFHI បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់លើការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម ការកែលម្អលក្ខខណ្ឌរស់នៅ និងការលើកកម្ពស់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលមានចំណូលទាប និងគ្រួសារក្រីក្រ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដោយមើលឃើញពីសារៈសំខាន់នៃកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧ សំដៅបង្កលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អចលនទ្រព្យរបស់ខ្លួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិន។ ការណ៍នេះ នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង និងអនុវត្ត «ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ប្រកបដោយប្រសិទ្ធភាព។

សម្ដេចធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយជាច្រើន ក្នុងការផ្តល់ដីធ្លី និងលំនៅឋានជូនពលរដ្ឋដែលគ្មានដីពិតប្រាកដ រួមមាន៖ កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ការផ្តល់ដីសម្បទានសង្គមកិច្ច និងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ជាដើម។ ជាក់ស្ដែង សម្តេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នប្រមាណ ៥ ០០០ ខ្នង ជូនដល់ជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក។

មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យនាយកប្រតិបត្តិនៃអង្គការ HFHI បន្តពិភាក្សា និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាននូវជោគជ័យនៃគម្រោងនានារបស់អង្គការ ស្របតាមគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសមរម្យ ជូនប្រជាជនកម្ពុជា៕


ចែករំលែក៖