ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺស្វាយ និងមេរោគអេដស៍នៅខេត្តព្រះវិហារ ផ្ទុះការកើនឡើង, មន្ទីរសុខាភិបាលខេត្តអំពាវនាវប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន!

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹង និងណែនាំ ស្តីពីស្ថានភាពនៃការរីករាលដាលជំងឺឆ្លងតាមការរួមភេ (ជំងឺស្វាយ និងមេរោគអេដស៍)វ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា យោងតាម ទិន្នន័យនៃការស្រាវជ្រាវ និងតាមដានសុខភាព ស្ថានភាពនៃការរីករាលដាលជំងឺស្វាយ និងមេរោគអេដស៍ នៅខេត្តព្រះវិហារ មានការវិវត្តដូចខាងក្រោម៖

-ជំងឺស្វាយ៖ ក្នុងឆ្នាំ២០២៦ នេះ បានរកឃើញចំនួន ៥៣៨ករណី (ស្មើនឹង ៧.៣២%) និងឆ្នាំ២០២៥ មានចំនួន ៥៣៣ករណី (ស្មើនឹង ៥.៦៧%) មានន័យថានៅតែមានការបន្តកើនឡើងបើធៀបនឹងឆ្នាំមុន។

-មេរោគអេដស៍៖ ទោះបីចំនួនករណីឆ្លងថ្មីនៃមេរោគអេដស៍ក្នុងឆ្នាំ២០២៦ មានចំនួន២៥នាក់ ប៉ុន្តែអត្រាភាគរយនៃការ ឆ្លងបានកើនឡើងដល់ ០.៣៩% (ខ្ពស់ជាងឆ្នាំ២០២៥ ដែលមាន ០.៣៣%)។ នេះជាសញ្ញាបញ្ជាក់ថា មេរោគអេដស៍មិន បានថយចុះទេ ប៉ុន្តែវាកំពុងបន្តបង្កការគំរាមកំហែងយ៉ាងខ្លាំងក្នុងសហគមន៍ លើក្រុមយុវជន និងក្រុមប្រឈមខ្ពស់។ ដើម្បី ការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ មន្ទីរសុខាភិបាលខេត្តសូមជូនដំណឹង និងអំពាវនាវដូចខាងក្រោម៖

១. អញ្ជើញទទួលសេវាធ្វើតេស្តសុខភាព៖

សូមបងប្អូនអញ្ជើញទៅទទួលសេវាពិគ្រោះយោបល់ និងធ្វើតេស្តស្វែងរកមេរោគអេដស៍ និងជំងឺស្វាយ ដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងខេត្តព្រះវិហារ។

២. ការការពារខ្លួន និងដៃគូ៖

ត្រូវប្រកាន់ភ្ជាប់នូវការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប្រចាំ១០០%រាល់ពេលរួមភេទ។

ចៀសវាងអាកប្បកិរិយាប្រឈម ដូចជាការប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹងមុន/អំឡុងពេលរួមភេទ។

អាចស្វែងរក និងប្រើប្រាស់ឱសថបង្ការមុនពេលប៉ះពាល់ (PrEP) នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។

៣. ការទទួលការព្យាបាលទាន់ពេលវេលា៖

ប្រសិនបើធ្វើតេស្តឃើញមានមេរោគអេដស៍ ឬជំងឺស្វាយ បងប្អូននឹងទទួលបានការព្យាបាលភ្លាមៗ (Same-day treatment) ដោយឱសថទំនើបដែលមានប្រសិទ្ធភាពខ្ពស់ និងរាល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺ និងអ្នកទទួលសេវាទាំង អស់ នឹងត្រូវបានរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់បំផុត។មន្ទីរសុខាភិបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជា ពលរដ្ឋទាំងអស់នឹងចូលរួមសហការ និងយកចិត្តទុកដាក់លើសុខភាព ឱ្យបានស្ទាត់ជំនាញ និងទាន់ពេលវេលា។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាមការណែនាំនេះដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖