ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសារធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនានៃប្រជារាស្រ្តខ្មែរ។ 

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជហឫទ័យ ទសពិធរាជធម៌ ព្រះមេត្តាករុណា សន្តោសប្រណី និង ព្រះរាជសកម្មភាពរបស់ព្រះអង្គ ដែលតែងតែយាងសាកសួរសុខទុក្ខ និងរួមចំណែកដោះស្រាយទុក្ខលំបាក របស់ប្រជារាស្ត្រ តាមបណ្តារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង គុណព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទសបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាថែរក្សាឆ្នាំថ្មី ព្រមទាំងព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមប្រោះព្រំព្រះសព្ទសាធុការពរជ័យ ថ្វាយព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សិលា


ចែករំលែក៖