ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ​ បានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ 

ខាងក្រោមនេះ​ជាប្រសាសន៍​សំខាន់​ៗ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​៖

-សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការដកស្ទូងប៉ុណ្ណោះទេ ។ វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។ 

-សម្ដេចតេជោ ថ្លែងថា ក្រសួងកសិកម្ម មិនត្រឹមតែជំរុញឱ្យប្រជាពលរដ្ឋចេះដាំដុះ ឬចិញ្ចឹមសត្វនោះទេ ប៉ុន្ដែក្រសួងក៏ត្រូវជំរុញប្រជាពលរដ្ឋឱ្យចេះកែច្នៃផលិតផលសម្រេចលើផលិតផលរបស់ខ្លួនផងដែរ។

-សម្ដេចតេជោ រម្លឹកថា អនុសាសន៍របស់សម្ដេចតាំងពីមុនមកលើវិស័យកសិកម្មនេះ គឺការផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ។

-សម្ដេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលមិនខ្លាចក្នុងការចំណាយទៅលើមន្រ្ដីបច្ចេកទេសកសិកម្ម ដើម្បីឱ្យទៅបម្រើពលរដ្ឋនៅតាមមូលដ្ឋាននោះទេ។

-សម្ដេចតេជោ ថ្លែង​ថា ការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ គឺសម្ដេចបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សុទ្ធតែត្រូវយកអាយុជីវិតទៅប្ដូរ ដើម្បីស្វែងរកសន្ដិភាព និងកំណើនសេដ្ឋកិច្ចជូនជាតិមាតុភូមិ។​ សម្ដេចតេជោ ថ្លែង​បញ្ជាក់​ថា សម្ដេចមិនមានទម្លាប់ដណ្ដើមយករបស់ ឬស្នាដៃអ្នកដទៃទេ ដូច្នេះសម្ដេចសូមផ្ដាំទៅអ្នកដទៃ ក៏កុំមកដណ្ដើមយករបស់ ឬស្នាដៃ សម្តេចដូចគ្នា។

-សម្ដេចតេជោ ប្រកាសបន្តស្វាគមន៍បណ្ដាសមាជិក-សមាជិកាបណ្ដាគណបក្សនានា ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពីគ្រប់ទីកន្លែងទាំងអស់។ សម្ដេចប្រកាសមិនទទួលតែមេដឹកនាំបក្សក្បត់ជាតិ រត់ចោលស្រុកម្នាក់គត់ប៉ុណ្ណោះ។

-សម្ដេចតេជោ ថ្លែងថា បើនរណាចង់ប្រមាថ ឬធ្វើបាបអង្គព្រះមហាក្សត្រ ត្រូវឆ្លងកាត់ត្រកូល ហ៊ុន ជាមុនសិន ពីព្រោះត្រកូល ហ៊ុន គឺជាអ្នកត្រកូលការពារ ព្រះមហាក្សត្រ និងជាកម្លាំងដ៏ធំជាងគេក្នុងការការពាររបបរាជានិយម។

-សម្ដេចតេជោ ថ្លែងថា នៅសល់តែ ២ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបញ្ចប់។ សម្ដេចបញ្ជាក់ថា កម្ពុជាបានផ្ទះម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយជោគជ័យ។ សម្ដេច បញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ។

-សម្ដេចតេជោ មានមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរដល់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែង យ៉ាងល្អក្នុងការសន្សំថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។

-សម្ដេចតេជោ ថ្លែងថា ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះពីផ្ទៃដី១ហិកតាអាចចិញ្ចឹមមនុស្សបាន ១០ ឈានទៅអាចដី ១ហិកតាអាចចិញ្ចឹមមនុស្សបាន២០នាក់ ឬអាចលើសពីនេះ។

-សម្ដេចតេជោ ប្រកាសជំរុញឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធរៀបចំឱ្យមានក្រុមការងារដើម្បីពង្រឹងកម្លាំងកសិករ លើការដាំដុះ ការផលិត និងការស្វែងរកទីផ្សារ ។

-សម្ដេចតេជោ ថ្លែងថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។ សម្ដេច​ ថ្លែង​បញ្ជាក់​ថា ពេលមានទឹកគ្រប់គ្រាន់ហើយ អ្វីដែលត្រូវគិតគូរបន្ត គឺការស្វែងរកផលិតផលយុទ្ធសាស្រ្ដក្នុងការដាំដុះ ដូចជាមហិច្ឆតារបស់សម្ដេច គឺចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារច្រើនជាងគេលើពិភពលោក។

សូមជម្រាបជូនថា​ និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី មានចំនួនសរុប ៣ ២៧៩នាក់ (នារី ១ ៣១៩នាក់ ស្មើនឹងជាង៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ២០២២ ក្នុងនោះ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ២ ៤៣៣នាក់, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ៣១៥នាក់។

សញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងត្រូវទទួលបាន មានចំនួន ៥កម្រិតផ្សេងគ្នាគឺ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ២ ៨៤៨នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦៦នាក់ (នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិត ចំនួន ៥៦នាក់ (នារី ២០នាក់) និងថ្នាក់បណ្ឌិត ចំនួន ៨នាក់ (នារី ១នាក់)។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ចំនួន ១ ០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦%)។

គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីបណ្តុះ បណ្តាលបានធនធានមនុស្សចំនួន ៣០ ៣៥៤ នាក់ (នារី ៧ ៨១៥ នាក់) ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាមធ្យម គ្រឹះស្ថានទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់ វិស័យកសិកម្ម។

ជាមួយនឹងលទ្ធផលខាងលើនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងបីបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ ជាបន្តបន្ទាប់ ជាពិសេស ការជំរុញអនុវត្តយុទ្ធសាស្រ្ត១០ឆ្នាំថ្មី២០២១-២០៣០ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២១កន្លងទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល៕

ដោយ៖ ស​ តារា


ចែករំលែក៖