ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីឈ្មោះ មីយ៉ាន់ម៉ា Paing Takhon នឹងមកកម្ពុជាម្តងទៀតថតរឿង «ប្រុសលក់ខ្លួន» នៅសប្តាហ៍ក្រោយ

ចែករំលែក៖

  ភ្នំពេញ៖ ទីបំផុតតារាសម្តែងល្បីឈ្មោះ មីយ៉ាន់ម៉ាម៉ា លោក Paing Takhon នឹងធ្វើដំណើរមកកម្ពុជាម្តងទៀតនៅសប្តាហ៍ក្រោយនេះដើម្បី ថតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy»។ ដំណឹងនេះបានទម្លាយចេញក្រោយពីកាលពីថ្មីៗកន្លងទៅនេះតារាឈានមុខគេរបស់មីយ៉ាន់ម៉ា រូបនេះបានធ្វើដំណើរមកពិនិត្យសាច់រឿងរយៈពេល១សប្តាហ៍រួចមក។ 

យោងតាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម LD Entertainment មុននេះដោយ បានបង្ហោះឱ្យដឹងថា តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកកម្ពុជាដើម្បីថតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy» នៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ។ 

តាមការបញ្ជាក់របស់ LD Entertainment រឿង «ប្រុសលក់ខ្លួន» ដែល Paing Takhon នឹងចូលរួមសម្តែងជារឿងស្នេហាបែបកំប្លែងល្អបំផុត (The Best Romance Comedy Movie) ប៉ុន្តែតួឯកស្រីក្នុងរឿងនេះនៅជាប្រស្នាអាថ៌កំបាំងសម្រាប់អ្នកគាំទ្រនៅឡើយ។ជាមួយគ្នានេះក្រុមអ្នកគាំទ្របានធ្វើការទស្សន៍ទាយតួឯកស្រីរឿងនេះព្រោងព្រាត និងចោតជាសំណួរថា ស្រីស្អាតរូបណាដែលនឹងមានឱកាសសម្តែងក្នុងរឿងដែល LD កំពុងត្រៀមបើកកាម៉េរាថតនៅសប្តាហ៍ក្រោយនេះជាមួយលោក Paing Takhon។ ក្នុងនោះ ហ្វេនភាគច្រើនគិតថាអាចជា កញ្ញា ប៉ូគឹមថេង សុតធីតា ព្រោះកន្លងមកអ្នកទាំងពីរធ្លាប់ថតរឿង ជញ្ជាំងក្រហម ជាមួយគ្នាបានខ្លះតែដោយសារមានបញ្ហាទើបរឿងនេះត្រូវផ្អាកថត តែអ្នកខ្លះទៀតថាអាចជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ចំណែកមួយភាគទៀតទស្សន៍ទាយថាជា កញ្ញា ស៊ីន យូប៊ីន។ 

គួរបញ្ជាក់ផងដែរថា ទីបំផុតក្រោយពីរងចាំអស់រយៈពេល៣ឆ្នាំ នោះ ដំណើរមកដល់របស់តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon បានធ្វើដំណើរមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញរបស់ប្រទេសកម្ពុជាហើយកាលពីល្ងាចថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៣នេះ។ កម្ពុជាគឺជាដំណើរក្រៅប្រទេសដំបូងហើយដែលតារាសម្តែង បង្ហាញម៉ូត និងចម្រៀងមីយ៉ាន់ម៉ា ដែលល្បីល្បាញក្នុងតំបន់អាស៊ី រូបនេះធ្វើដំណើរមក ក្រោយពីប្រទេសរបស់ខ្លួនមានបញ្ហាផ្នែកវិបត្តិនយោបាយកន្លងមក។ 

មុននេះដែរលោក លៀក លីដា ចាងហ្វាងផលិតកម្មLD Pictureបានលើកថា ការធ្វើដំណើរមកកាន់កម្ពុជាលើកនេះគឺស្ថិតក្រោមការពិនិត្យលើគម្រោងថតភាពយន្តមួយដែលផលិតកម្មរបស់លោកបានសហការជាមួយផលិតកម្មនៅមីយ៉ាន់ម៉ា និងក្រោយពីខកខានបំពេញការងាររួមគ្នាអស់៣ឆ្នាំកន្លងមក។ លោក លៀក លីដា បានបញ្ជាក់ប្រាប់ ថា មកលើកនេះគឺតារាសម្តែងរូបនេះមកពិនិត្យមើលការថតភាពយន្ត ហើយសម្រាប់ការថតកន្លងមកនៅប្រទេសភូមា គឺអាចនឹងលប់ចោល ហើយសាច់រឿង និងចំណងជើងរឿងក៏មានការផ្លាស់ប្តូរដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖