ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃមួយក្រុមបង្កអុកឡុកដល់អ្នកធ្វើដំណើរជាពលរដ្ឋខ្មែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃមួយក្រុមបានបង្កការភ្ញាក់ផ្អើលបន្ទាប់ពីដេញវាយអ្នកធ្វើដំណើរជាពលរដ្ឋខ្មែរនៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវបេតុងឋិតក្នុងភូមិក្បាលស្ពានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

   ប្រភពពីពលរដ្ឋឱ្យដឹងថា ក្រុមជនជាតិថៃដែលមកស្នាក់នៅបម្រើការងារតាមអនឡាញនោះមានប្រដាប់ដោយកាំបិតនិងដំបងដេញវាយប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ដោយម៉ូតូឬកង់បីជាដើម។

ប្រភពបញ្ជាក់ថាៈ ក្រុមជនជាតិថៃទាំងនោះមកវាយជាក្រុមទៅលើក្រុមកម្មករដឹកដែកដែលគាត់ដឹកឆ្លងកាត់បណ្ដាលឱ្យរងរបួសពីរនាក់ ដោយមុនកើតហេតុក្រុមជនជាតិថៃដើរឆ្លងផ្លូវ តែដោយសារកម្មករដឹកដែកគាត់រាដៃមិនឱ្យឆ្លងផ្លូវខ្លាចប៉ះក៏ធ្វើឱ្យជនជាតិថៃទាំងនោះផ្ទុះកំហឹងស្ទុះមកវាយតប់ពលរដ្ឋខ្មែរតែម្តង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមានទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងមានទាំងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើឱ្យមានការកកស្ទះ ដើម្បីទប់ស្កាត់នូវអំពើហិង្សាដោយជនជាតិថៃផងដែរ។ ទោះជាយ៉ាងណាក្រុមជនជាតិថៃដែលពលរដ្ឋថាបានបង្កហិង្សានោះក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំផងដែរ។

    លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន បានមានប្រសាសន៍ថាៈ កម្លាំងរបស់លោកបាននាំខ្លួនជនជាតិថៃបង្កហេតុនោះបានពីរទៅបីនាក់ដើម្បីយកទៅសួរនាំនៅកន្លែងអធិការដ្ឋាននគរបាលក្រុង ហើយក៏មិនទាន់ដឹងថាអ្នកណាត្រូវអ្នកណាខុសដែរព្រោះនៅកន្លែងកើតហេតុមានមនុស្សច្រើន៕ 

IMG_8423

ដោយ ៖ វណ្ណា


ចែករំលែក៖