ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយ ទើបធ្វើឱ្យប្រជាជនខ្មែរ ស្លាប់អស់រាប់លាននាក់។
សម្តេចតេជោ ហ៊ុនសែន បានថ្លែង នៅក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ហេតុអ្វីបានជាចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ សុំមើលកម្ពុជាឱ្យឆ្ងាយជាងកម្ពុជា ព្រោះកម្ពុជាមានសិទ្ធិតួនាទីនៅក្នុងអាស៊ាន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា បរទេសមួយចំនួន បានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដែលធ្វើឱ្យខ្មែរស្លាប់បាត់បង់ជីវិតជាច្រើន ហើយពួកគេមិនដែលសម្តែងការសោកស្តាយសោះឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅដល់បរទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនកុំឲ្យលូកលាន់កិច្ចការប្រទេសក្នុងរបស់កម្ពុជា ដោយថាការលូកលាន់ទាំងនោះវាកាន់តែធ្វើឲ្យអ្នកជាប់គុកបន្តជាប់គុកទៀត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅចំពោះមុខអង្គទូតដែលបានចូលរួមកម្មវិធីព្រឹកនេះថា សម្ដេចនឹងមិនលើកលែងទោសឲ្យអ្នកជាប់ទោសណាមួយដរាបណាស្ថានទូតទាំងអស់នៅតែទៅជួបអ្នកជាប់ទោស និងថ្លែងការណ៍ពាក់ព័ន្ធករណីអ្នកទាំងនោះ។
ទោះបីជាសម្ដេចតេជោ មិនបានបញ្ចេញឈ្មោះអ្នកជាប់ទោសនោះក្ដីក៏ប៉ុន្តែហាក់បីដូចជាទំនងសំដៅទៅកាន់លោក កឹម សុខា ដែលកន្លងទៅមានបណ្ដាស្ថានទូត និងថ្នាក់ដឹកនាំរបស់ប្រទេសលោកសេរីនានាបានអញ្ជើញទៅជួបជាបន្តបន្ទាប់។
សម្ដេចលើកឡើងថាការទៅជួបសម្ដេចហើយអញ្ជើញទៅជួបលោក កឹម សុខា ទៀតនេះគឺជាការចាប់ដៃជាន់ជើងដែលជាការមិនអាចទទួលយកបាន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «រឿងអីខ្ញុំទៅទុកចិត្តពួកអស់លោក! អស់លោកទៅធ្វើការជាមួយខ្ញុំចេញពីជួបខ្ញុំចេញពីខ្ញុំមកអ្នកទៅធ្វើការជាមួយនឹងអ្នកជាប់គុកពិរុទ្ធជន។ អស់លោកគិតថាខ្ញុំហ្នឹងជាអី? ខ្ញុំសូមនិយាយរឿងពិតអស់លោកគិតថាខ្ញុំហ្នឹងជាក្មេងបៀមដៃហ្ហេ៎! អស់លោកគិតថាខ្ញុំហ្នឹងអាចចាប់ដៃជាន់ជើងបាន? អត់ទេ»។
ជាមួយគ្នានេះសម្ដេចតេជោក៏បានលើកឡើងដែរថា ការបន្តដំណើរការក្ដី និងអនុវត្តទោសលើពិរុទ្ធជន និងអ្នកជាប់គុកទាំងអស់នោះ គឺកើតឡើងដោយសារតែស្ថានទូតទាំងអស់នោះចេញសេចក្ដីថ្លែងការណ៍ទាមទារ។
សម្ដេចតេជោ បានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅការទាមទារទៅលើករណីណាមួយនិងជំរុញឲ្យអ្នកជាប់ទោសទាំងអស់នោះអនុវត្តទោសពេញច្បាប់តែម្ដង។ ដែលបានន័យថាប្រសិនជាតុលាការផ្ដន្ទាទោស ៥ឆ្នាំគឺអ្នកដែលត្រូវផ្ដន្ទាទោសនោះគឺត្រូវអនុវត្តទោស ៥ឆ្នាំពេញដោយគ្មានការលើកលែង។
សម្ដេចស្នើឲ្យបរទេសទាំងអស់កុំលូកលាន់ទៅដល់កិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីពេលនេះរហូតទៅដល់ពេលបោះឆ្នោតរួចទុកឲ្យកម្ពុជាជាអ្នកសម្រេចលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឯង៕
ដោយ ៖ សហការី