ខេត្តស្ទឹងត្រង ៖ ក្រុមការងារផ្នែកបរិស្ថានកំពុងស្រាវជ្រាវដើម្បីនាំខ្លួនជនសង្ស័យយកមកអនុវត្តច្បាប់ ព្រោះមុខ សញ្ញាទាំងនេះបានស្គាល់អស់ហើយ នៅក្នងពេលធ្វើ សកម្មភាពបទល្មើសឆក់ត្រី ដោយជនសង្ស័យបានធ្វើ សកម្មភាពពន្លិចទូកក្រុមមន្ត្រីអភិរក្ស ធ្វើឱ្យបាត់បង់ទូកម៉ាស៊ីន និងសម្ភារផ្សេងៗទៀត។
ក្នុងសកម្មភាពល្បាត និងរាវរកទូកនិងម៉ាស៊ីន នៅតំបន់រាមសារទន្លេមេគង្គលើក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣ លោក ឈន ឆន អនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បញ្ហាខាងលើនេះសូមឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយករណីធ្វើឱ្យបាត់បង់ទ្រព្យ សម្បត្តិសារធារណៈ បើមិនដូច្នេះទេមន្ត្រីមានសមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅក្នុងសប្តាហ៍នេះតែម្តង ដើម្បីអនុវត្តនីតិវិធី។
លោកឈន ឆន បន្តថា ជាមួយគ្នានេះប្រជាសហគមន៍នេសាទមានមូលដ្ឋានរស់នៅតាមតំបន់រាមសារ សូមយកចិត្តទុកដាក់ជួយការអភិរក្សទាំងត្រីមេពូជនិងសត្វ ស្លាប ព្រោះអាជ្ញាធរ និងមន្ត្រីផ្នែកបរិស្ថានបានតំណត់ទីតាំងហាមឃាត់ច្បាស់លាស់ហើយ។មន្ត្រីជំនាញក៏មានផែនការរៀបចំកន្លែងណាមួយ ដែលសត្វស្លាបរស់នៅច្រើនដូចជាសត្វត្រយ៉ងកស គឺមាននៅតំបន់រាមសានេះ សត្វក្ងោកក៏មាន ដូច្នេះសំណូមពរឱ្យបងប្អូនប្រជាពល រដ្ឋក្នុងដែននេះ ដែលនេសាទក្នុងដែនមាន២១ភូមិក្នុងតំបន់រាមសានេះ សូមឱ្យចូលរួមធ្វើយ៉ាងណាកន្លែងណាដែលមានបក្សីក៏ដូចជាសត្វស្លាបយើងសូមឱ្យគាត់ចៀសឱ្យឆ្ងាយ ដើម្បីកុំឱ្យរំខានដោយសារសូរសម្លេង ក្តីសកម្មភាពអីផ្សេងៗ។
លោក ឈឹម វណ្ណរ៉ា ប្រធានសហគមន៍នេសាទបូរីអូរស្វាយ បានបញ្ជាក់ថា បញ្ហានេះជារឿយៗអាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យប្រជាអ្នកនេសាទបង្កើនការអភិរក្សត្រីមេពូជនិងសត្វស្លាបទាំងនេះ ព្រោះវាជាសម្បត្តិធន ធានរបស់យើងទាំងអស់គ្នាដែលមាននៅក្នុងភូមិឃុំយើង។ ប្រការនេះបងប្អូនត្រូវឈប់កាប់ព្រៃលិចទឹក, ឈប់បរបាញ់សត្វ,ឈប់ប្រើឧបករណ៍ឆក់ត្រី ងាកមករក្សាទុកធនធានទាំងនេះសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនាវិញ ទើបយើងរកប្រាក់ចំណូលពីវិស័យទេស ចរណ៍បានដោយប្រយោល និងមានភាពយូរអង្វែងផង។
លោក ជា វុទ្ធី ប្រជាពលរដ្ឋនៅភូមិវើនសៀន បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋយើងភ្ញាក់រលឹកច្រើន ព្រោះពួកគាត់បានងាកមកដាំដំណាំកសិកម្ម ខ្លះលក់ដូរចំណីអាហារនិងខ្លះទៀតធ្វើនេសាទជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា តំបន់រ៉ាមសារដែលត្រូវអភិរក្សនេះមានផ្ទៃដីនិងព្រៃឈើលិចទឹកទំហំ១៤.៦០០ហិកតាដែលមានពពួកសត្វស្លាបរស់នៅ៩៧ប្រភេទនិងត្រីចំនួនជាង ១៣០ប្រភេទផងដែរ៕
ដោយ៖ សូរិយា