ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក Rang Rover មួយគ្រឿងទៀត​ហើយ​! ត្រូវ​បានអគ្គិភ័យឆាបឆេះ​ខ្ទេច​ទាំង​ស្រុង​

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្រ្គោះ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងទៀត​ហើយ​ ម៉ាក Rang Rover ពណ៌ ស​ កាលពី​យប់​មិញ​ នៅ​ក្រុង​ព្រះសីហនុ​ ។ 

ប្រភពដដែលបន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​វេលាម៉ោង ០១​ និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ​ស្ថិតក្នុងចំណុច ក្រុម១ ភូមិ៦ សង្កាត់លេខ ៤ ក្រុង​ ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ​។ 

រថយន្តរងគ្រោះម៉ាកRang Rover ពណ៌ស ស្លាកលេខ កម្ពុជា FCAI 1668 ដែលមានម្ចាស់​រថយន្ត​ឈ្មោះ ទាវ គឹមភាវ ។ ចំណែក​មូលហេតុ​នៃការឆេះ​ ដោយសារធ្លាយធុងប្រេងរថយន្តបង្ករជាអគ្គិភ័យធ្វើឲ្យឆាបឆេះរថយន្តតែម្តង។ រីឯ​​ការខូចខាតរួមមានឆេះរថយន្ត ០១ គ្រឿង​ អស់ទាំងស្រុង។ 

 ដោយឡែកកងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង​ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត, រថយន្តពន្លត់​កងរាជអាវុធហត្ថខេត្តចំនួន​ ០១​ គ្រឿង​ បានប្រើប្រាស់ទឹកអស់ ០១ រថយន្ត,​ រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធក្រុងចំនួន​ ០១​ គ្រឿង​ មិនបានប្រើប្រាស់ទឹក។ 

គួរបញ្ជាក់ដែរថា​ ករណីខាងលើនេះបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ០២:០០ នាទីទៀបភ្លឺ​ ថ្ងៃខែ ឆ្នាំដដែល៕

ដោយ​៖ សហការី​


ចែករំលែក៖