ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់លោកស្រីរដ្ឋមន្រ្ដីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារក្រសួង ដែលបានរៀបចំក្រុមសិល្បៈចូលរួមសម្ដែងដ៏អស្ចារ្យក្នុងឱកាសពិធីបិទ-បើក ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។

សម្ដេចតេជោ ថ្លែង​ថា រយៈពេល៣ថ្ងៃជាប់គ្នានេះ បានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗចំនួន ៣ ក្នុងនោះ ១. សមិទ្ធផល និងរោកចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ។  ២. អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី៣ សម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃនេះតែម្ដង។

សម្តេចតេជោ ប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ដែលជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាកម្ម Interne ហើយបុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត។​ សម្ដេចតេជោ ក៏បានណែនាំដល់បណ្ដាក្រុមហ៊ុនអ៊ីនធឺណិត ត្រូវផ្ដល់សេវាដល់ពលរដ្ឋឱ្យបានល្អតាមការណែនាំរបស់ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សម្ដេចតេជោ បន្តណែនាំដល់ក្រុមហ៊ុនលក់ផ្ទះល្វែង ឬបុរី ត្រូវបើកឱ្យក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត អាចចូលទៅភ្ជាប់បណ្ដាញនៅតាមទីតាំងរបស់ខ្លួន គឺមិនត្រូវលក់ផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយនោះទេ។

សម្ដេចតេជោ ប្រកាសលុប និងបិទចោលទាំងអស់ចំពោះបុគ្គលមួយចំនួន ដែលភ្ជាប់បណ្ដាញតេឡេក្រាមផ្ទាល់មកសម្ដេច ប៉ុន្ដែតែងតែនាំរឿង និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច។

សម្តេចតេជោ ថ្លែង​ថា នៅរយៈពេល១ ខែខាងមុខនេះ សម្ដេចនឹងត្រូវជួបជាមួយកម្មករកម្មការិនីចំនួន១៨លើកបន្តទៀត។

សម្ដេចតេជោ បញ្ជាក់ថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងចំណាយថវិកាលើការបណ្ដុះបណ្ដាលយុវជនគោលដៅចំនួន ១,៥ លាននាក់ ក្នុងនោះ នឹងជ្រើសរើសចំនួន ២ទៅ ៤ភាគរយ សម្រាប់រៀនលើជំនាយវិជ្ជាជីវៈដូនតា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សម្ដេចតេជោ ថ្លែង​ថា​ «អ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាពទាំងអស់ បើគ្មានសន្ដិភាពគឺត្រូវរត់ក្រោមគ្រាប់ផ្លោងហើយ»។ ដូច្នេះហើយ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវរក្សាសន្ដិភាពឱ្យបានដែរ កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ។

សម្តេចតេជោ​បានអំពាវនាវដល់គណៈសង្ឃស្រុះស្រួលគ្នា និងដោះស្រាយគ្នាដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គមFacebookដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា។

សម្ដេចតេជោ ស្នើឱ្យមានការសម្របសម្រួលគ្នា ឬលុបសេចក្ដីថ្លែងការណ៍ចោលវិញ ករណីរឿងហួសចិត្តមួយកាលពីយប់ម៉ិញនេះ មានគណៈសង្ឃនាយកមួយអង្គរ បានចេញសេចក្ដីថ្លែងការណ៍រិះគន់សម្ដេចសង្ឃព្រះតេជគុណ សៅ ចាន់ថុល ព្រះចៅអធិការវត្តលង្ការ ខណៈព្រះអង្គសុទ្ធតែជាថ្នាក់ដឹកនាំសង្ឃ។

សូមជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល ជា អត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទទ្វារទាំងស្រុង តែ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រ សិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប៕

ដោយ​៖ សហការី​


ចែករំលែក៖