ព័ត៌មានទាន់ហេតុការណ៍៖

នាឡិកាដៃ Patek Philippe របស់អធិរាជចុងក្រោយបំផុតនៃប្រទេសចិនដាក់លក់ក្នុងតម្លៃជាង ៦លានដុល្លារអាមេរិក

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា នាឡិកាដៃមួយគ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិរបស់អធិរាជចិនចុងក្រោយបង្អស់ ត្រូវបានលក់ក្នុងតម្លៃ៤៩លានដុល្លារហុងកុង ដែលស្មើនឹង៦.២លានដុល្លារអាមេរិក អំឡុងការដាក់លក់ដេញថ្លៃមួយ នៅទីក្រុងហុងកុង។
បុគ្គលជនជាតិអាស៉ីម្នាក់ដែលស្នាក់នៅក្នុងទីក្រុងហុងកុងបានឈ្នះការដេញថ្លៃលើនាឡិកាដៃម៉ាក Patek Philippe ស៊េរីដ៏កម្រ Reference 96 Quantieme Lune ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិរបស់អធិរាជ ពូអ៉ី (Puyi) ដែលជាព្រះរាជាចុងក្រោយបង្អស់ នៃរជ្ជកាលឆេងរបស់ប្រទេសចិន។ នាឡិកានោះត្រូវបានព្រះអង្គ ពូអ៉ី ផ្តល់ជាអំណោយឱ្យទៅអ្នកបកប្រែជនជាតិរុស្ស៉ីរបស់ទ្រង់ នៅពេលទ្រង់ជាប់ឃុំឃាំងក្នុងសហភាពសូវៀត។
ប្រសូត្រនៅឆ្នាំ១៩០៦ ពូអ៉ី បានក្លាយជាអធិរាជក្នុងព្រះជន្មត្រឹមជិត៣ព្រះវស្សាប៉ុណ្ណោះ និងត្រូវបានបង្ខំឱ្យដាក់រាជ្យវិញនៅឆ្នាំ១៩១២។ ជាង២០ឆ្នាំក្រោយការដាក់រាជ្យ ព្រះអង្គបានក្លាយជាមេដឹកនាំលើកបន្តុបរបស់ជប៉ុន នៅឯតំបន់ម៉ាន់ជូរី ភាគឦសានប្រទេសចិនសព្វថ្ងៃ។ ក្រោយជប៉ុនចាញ់សង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ព្រះអង្គ ពូអ៉ី ត្រូវបានចាប់ខ្លួនដោយកងទ័ពសូវៀត ហើយទ្រង់ត្រូវបានឃុំឃាំង ក្នុងនាមជាឈ្លើយសឹកនៅជំរំមួយក្នុងប្រទេសរុស្ស៉ីអស់រយៈពេល៥ឆ្នាំ។ អំឡុងពេលនោះហើយ ដែលទ្រង់បានប្រគល់នាឡិកាដៃឱ្យទៅលោក ចចជៀ ផឺមៀកូវ (Georgy Permyakov)។
បន្ទាប់ពីធ្វើបត្យាប័នមកកាន់ប្រទេសចិន ព្រះអង្គ ពូអ៉ី បានបន្តជាប់ពន្ធនាគាររយៈពេលជិត១០ឆ្នាំទៀត ហើយនៅពេលត្រូវបានដោះលែងឱ្យមានសេរីភាព ទ្រង់បានបម្រើការងារមួយចំនួន រួមមានទាំងជាអ្នកថែសួននៅកន្លែងមួយ ដែលឥឡូវគឺជាសួនរុក្ខសាស្រ្តជាតិនៃប្រទេសចិន នៅទីក្រុងប៉េកាំង។ ព្រះអង្គ ពូអ៉ី បានយាងចូលទិវង្គតកាលពីឆ្នាំ១៩៦៧ ក្នុងព្រះជន្ម៦១វស្សា។ ដំណើរជីវិតរបស់ទ្រង់ ក៏ត្រូវបានគេចងក្រងថតជាខ្សែភាពយន្តចំណងជើងថា «The Last Emperor» នៅឆ្នាំ១៩៨៧ ដែលឈ្នះពានរង្វាន់ Oscar ថែមទៀតផង។
កន្លងមក ក៏ធ្លាប់មាននាឡិកាដៃដទៃទៀត ដែលជាកម្មសិទ្ធិរបស់អធិរាជ ហើយត្រូវបានលក់នៅក្នុងការដេញថ្លៃផងដែរ គឺរួមមានទាំងនាឡិកាម៉ាក Patek Philippe ដែលជារបស់អធិរាជចុងក្រោយគេនៃប្រទេសអេត្យូពី ហៃលី សេឡាស្ស៉ី (Haile Selassie) ដែលត្រូវបានលក់ក្នុងតម្លៃ២.៩លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៧ និងនាឡិកាម៉ាក Rolex ដែលជារបស់អធិរាជវៀតណាមចុងក្រោយបង្អស់ បាវ សៃ (Bao Dai) វិញ ក៏ត្រូវបានលក់ក្នុងតម្លៃ៥លានដុល្លារអាមេរិក កាលពីក្នុងឆ្នាំដដែល៕

ដោយ៖ ធីរីណា(រូប​ថត​៖ vtc.vn)


ចែករំលែក៖