ព័ត៌មានទាន់ហេតុការណ៍៖

កូនលោកមេឃុំបានកាម ស្រុកព្រៃកប្បាស ប្រឹងជីកប្រឡាយឱ្យជ្រៅបណ្ដាលឱ្យបាក់ដីមាត់ប្រឡាយនាំឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកឡើងស្រដៀងគ្នាថាក្រោយភ្លៀងមួយមេធំប្រឡាយក៏បាក់ ផ្លូវក៏ស្រុតនិងរអិលដួលម៉ូតូជាបន្តបន្ទាប់ធ្វើអោយពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពកូនៗនិងចាស់ៗជរា។ រីឯមន្ត្រីអាជ្ញាធរមូលដ្ឋានមិនដែលខ្វល់ពីការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។

ពលរដ្ឋលើកឡើងទៀតថា មូលហេតុដែលបង្កើតអោយបាក់ប្រឡាយ ក៏ដូចជាស្រុតផ្លូវហើយរអិលគឺបណ្តាលមកពីកូនលោកឃុំប្រឹងកាយប្រឡាយអោយជ្រៅដើម្បីបានអាចម៍ដីយកទៅលក់។ ការជីកប្រឡាយជ្រៅខុសបច្ចេកទេសនេះនាំឲ្យបាក់ដីមាត់ប្រឡាយនិងស្រុតផ្លូវជាច្រើនកន្លែងធ្វើឲ្យប្រជាពលរដ្ឋលំបាកធ្វើដំណើរពេលមានភ្លៀង។

ពលរដ្ឋបានបញ្ជាក់ទៀតថា ពួកគាត់បានផ្ដិតមេដៃស្នើ សុំអោយអាជ្ញាធរពាក់ព័ន្ធជួយស្ដារប្រឡាយនៅក្នុងភូមិរបស់ពួកគាត់ក្នុងជម្រៅតែ១ម៉ែត្រកន្លះទេ តែបែជាកូន លោកមេឃុំកាយជម្រៅដល់ទៅ៣ម៉ែត្រទើបបណ្តាលអោយដីបាក់នៅពេលភ្លៀងធ្លាក់។ ការដែលគេជីកជម្រៅដល់ទៅ៣ម៉ែត្រនោះគឺដើម្បីបានអាចម៍ដីលក់។

ពលរដ្ឋបានបន្ថែមទៀតថាក្រោយពួកគាត់ខ្វាយខ្វាល់ចំពោះរឿងប្រឡាយនិងផ្លូវលោកឃន សុខេង មេឃុំបានកាម មិនបានចុះមកអើតមើលទេ បែរជាលោកសម្ងំដេកក្នុងម៉ាសុីនម៉ាស្សាយ៉ាងរំភើយហើយថតរូបបង្ហោះឌឺពួកគាត់ថែមទៀត។ អ្នកភូមិនិយាយថា លោកមេឃុំបានកាមស្រុកព្រៃកប្បាសមិនដែលខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះឡើយ។

ពាក់ព័ន្ធករណីខាងលើលោក ឃន សុខេង ប្រាប់អ្នក កាសែតថារឿងកាយប្រឡាយលោកមិនអោយកាយលើសពីពលរដ្ឋស្នើសុំទេ។ លោកមេឃុំសង្កត់ធ្ងន់ថា តែលោក នៅ រ៉ន ប្រធានការិយាល័យធនធានទឹកស្រុកព្រៃកប្បាសជាអ្នកអនុញ្ញាតអោយកាយលើសការកំណត់។ លោកនៅ រ៉ន ដែលរងការទម្លាក់កំហុសពីលោកមេឃុំមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ។

គួរបញ្ជាក់ថាប្រឡាយនៅក្នុងភូមិដូងខ្ពស់ចម្ងាយ៥០០ ម៉ែត្រត្រូវបានប្រជាពលរដ្ឋស្នើអាជ្ញាធរស្ដារជម្រៅតែជាង១ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែដល់ចង់បានអាចម៍ដីយកទៅលក់ កូនលោកមេឃុំបានកាមបានជីកស្ដារប្រឡាយជម្រៅរហូតដល់៣ម៉ែត្របណ្ដាលឲ្យខុសបច្ចេកទេសនិងបាក់ស្រុតផ្លូវក៏ដូចជារអិលពេលរដូវភ្លៀងធ្លាក់។ ជាងនេះទៅទៀតពេលមានបញ្ហាលោកមេឃុំមិនដែលខ្វល់នឹងការលំបាករបស់ពលរដ្ឋនោះទេ។

ករណីនេះដែរលោកឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសធ្លាប់ទទួលស្គាល់ថា លោកអោយកាយ (ប្រឡាយ)ត្រឹមតែពលរដ្ឋស្នើរសុំនោះទេ លើសពីនឹងលោកនឹងអោយគ្រឿងចក្រផ្អាកជាបន្ទាន់៕

ដោយ៖ សូរិយា


ចែករំលែក៖