ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយករង អគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ នាយក នាយកដ្ឋាន សុខាភិបាលក្រសួងការពារជាតិ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគិលានុបដ្ឋាក ជំនាន់ទី១៣ ចំណុះយោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគិលានុបដ្ឋាក ជំនាន់ទី១៣ ចំណុះយោធភូមិភាគទី៥ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ នាយក នាយកដ្ឋាន សុខាភិបាល ក្រសួងការពារជាតិ នៅអគារសេនាធិការយោធភូមិភាគទី៥  ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការស្តីទី មេបញ្ជាការរង នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការគ្រប់បណ្តាកងឯកភាពចំណុះ នាយទាហាន នាយទាហានរង និង ពលទាហាន ចំណុះយោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ឯក គង់ សាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានកោតសរសើរដល់ នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហាន យោធាចារ្យ សិក្ខាកាមទាំងអស់ ចំណុះយោធភូមិភាគទី៥ បានពុះពាររាល់ការលំបាករហូត ធ្វើឲ្យវគ្គហ្វឹកហ្វឺននេះបានបញ្ចប់ទទួលបានលទ្ធផលល្អប្រសើរ និងគួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ឯក គង់ សាលី បានបន្តទៀតថាក្មួយៗបានឆ្លងកាត់ និងបានទទួលចំណេះដឹង ចំណេះធ្វើទូទៅ ដែលសាលា និងគ្រូយោធាចារ្យបានផ្តល់ដល់ក្មួយៗ។ សម្រាប់អនាគតក្មួយៗត្រូវមានចក្ខុវិស័យក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងចំណេះធ្វើទៅតាមការវិវឌ្ឍន៍សភាពការណ៏ថ្មីៗ និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាលើពិភពលោកផងដែរ។

លោកឧត្តមសេនីយ៍ឯក គង់ សាលី បានសង្កត់ធ្ងន់ថា ក្មួយៗជាទំពាំងស្នងឫស្សី ត្រូវបន្តខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ និងប្រជាជន។ ត្រូវបន្តលើកកម្ពស់ស្មារតីដើម្បីជាតិ មាតុភូមិ និងប្រជាជន ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញឿន៕

ដោយ ៖ សហការី


ចែករំលែក៖