ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានៅឥណ្ឌាកើនជិតដល់ ៣០០នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣នេះបានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នានៅក្នុងរដ្ឋ Odisha កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានកើនដល់ ២៨៨នាក់ហើយ ខណៈដែល៨៥០នាក់ផ្សេងទៀតរងរបួស។
សោកនាដកម្មរថភ្លើងបុកគ្នាខាងលើ គឺជាគ្រោះថ្នាក់លើផ្លូវរថភ្លើងដ៏អាក្រក់បំផុតក្នុងប្រទេសឥណ្ឌា នារយៈពេល ២០ឆ្នាំមកនេះ។ ហេតុការណ៍អាក្រក់បែបនេះ មិនមែនជារឿងថ្មីថ្មោងអ្វីនោះទេ ដោយឥណ្ឌាបានជួបប្រទះសោកនាដកម្មនៅលើផ្លូវរថភ្លើងជាច្រើនកន្លងមកហើយ។ គ្រោះថ្នាក់ដ៏អាក្រក់បំផុតបានកើតឡើង កាលពីឆ្នាំ១៩៨១ ជាពេលដែលរថភ្លើងមួយគ្រឿងបានរអិលធ្លាក់ចេញពីផ្លូវដែកក្នុងពេលធ្វើដំណើរឆ្លងស្ពានមួយក្នុងរដ្ឋ Bihar ហើយបានធ្លាក់ចូលទឹកទន្លេ ដោយសម្លាប់ជីវិតមនុស្សចន្លោះពី ៨០០ ដល់ ១០០០នាក់ឯណោះ។ ប៉ុន្តែ សោកនាដកម្មកាលពីថ្ងៃសុក្រ ត្រូវបានគេជឿជាក់ថាគឺជាគ្រោះថ្នាក់នៅលើផ្លូវដែកដ៏អាក្រក់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។
អាជ្ញាធរឥណ្ឌាជឿថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារនៅក្នុងចំណោមអ្នករងរបួសមានមនុស្សជាច្រើនរងរបួសធ្ងន់ ខណៈដែលប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើង។ រថយន្ដពេទ្យច្រើនជាង ២០០គ្រឿង និងគ្រូពេទ្យ ១០០នាក់បន្ថែម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងស្រុកបាឡាស័រ (Balasore) នៃរដ្ឋ Odisha ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា។
គ្រោះថ្នាក់រថភ្លើងបុកគ្នាខាងលើ កើតឡើងនៅម៉ោង ៧យប់ កាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) នៅពេលដែលរថភ្លើងរបស់ក្រុមហ៊ុន Coromandel Express រត់នៅលើផ្លូវពីទីក្រុង Kolkata ទៅកាន់ទីក្រុង Chennai បានបុកគ្នាជាមួយរថភ្លើងមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុន Howrah Superfast Express ដែលរត់នៅលើផ្លូវពីទីក្រុង Bangalore ទៅកាន់ទីក្រុង Howrah។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុដែលបណ្ដាលឱ្យរថភ្លើងទាំង ២គ្រឿងនេះបុកគ្នានៅឡើយទេ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ PLVN)


ចែករំលែក៖