ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ លោក លី សាងហ្វ៊ូ(Li Shangfu )រដ្ឋមន្ត្រីការពារជាតិចិនដោយនៅក្នុងកិច្ចជំនួបនោះប្រមុខការពារជាតិ ទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ក្នុងជំនួបនេះ បានធ្វេីឡេីងក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០(កិច្ចសន្ទនាសាំងគ្រីឡា) នៅប្រទេសសឹង្ហបុរី។
នាឱកាសនោះ លោក លី សាងហ្វ៊ូ ក៏បានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា ចិនឲ្យកាន់តែរីកចម្រើន និងជិតស្និតថែមទៀត ដែលក្នុងនោះរួមមានទាំងកិច្ចសន្ទនារវាងកងទ័ពជើងគោកប្រទេសទាំងពីរ និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ផងដែរ ។ លោករដ្ឋមន្ត្រីការពារជាតិចិនរូបនេះ បានបញ្ជាក់បន្ថែមថា៖ « ភាគីយើងទាំងពីគួរសហការគ្នាជំរុញ សន្តិភាព និងស្ថេរភាពក្នុងដំបន់»។
ប្រមុខការពារជាតិចិនរូបនេះ បានបន្តថា នៅក្នុងដំណើរការចូលរួមកិច្ចប្រជុំ សាំងគ្រីឡា នៅប្រទេសសឹង្ហបុរីនេះលោកនឹងធ្វើបទបង្ហាញក្នុងសម័យប្រជុំពេញអង្គលើកទី៥លើប្រធានបទ«គំនិតផ្តួចផ្តើមសន្តិសុខសាកលថ្មី នៃប្រទេសចិន»។ បទបង្ហាញនេះគឺផ្តោតសំខាន់ទៅលើគោលគំនិត កសាងសហគមន៍ ជោគវាសនារួមមនុស្សជាតិ និង ផ្តោតទៅលើការកសាងសហគម៍ កសាងជោគវាសនារួម អាស៊ីប៉ាស៊ីហ្វិក និង សហគមន៍សន្តិសុខអាស៊ីផងដែរ។
ថ្លែងនៅឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ដោយនាពេលកន្លងមក បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត បាននាំមកនូវការរីកចំរើនដល់កងទ័ពទាំងពីរបានយ៉ាងល្អប្រសើរ ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកឡើងវិញអំពីកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅកម្ពុជា ឆ្នាំ ២០២២ ដែលបានដំណើរកិច្ចប្រជុំប្រកបដោយជោគជ័យ ក្នុងនេះក៏មានការចូលរួមចំណែកពីមិត្តចិន ដែលបានជួយដល់កម្ពុជាលើមធ្យោបាយដឹកជញ្ជូនផងដែរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពរំដោះប្រជាជនចិន អោយកាន់តែជិតស្និត និង រឹងមាំថែមទៀត ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក លី សាងហ្វ៊ូ មកធ្វើទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ៕
ដោយ៖ សហការី