ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ដែលបានបរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថារហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យរវ្ម័នទី៧នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។
ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កេតឃើញថាបទចម្រៀងនេះបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទូចសុំឲ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេងទៀតលុបចោលបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួងស្នើសុំចំពោះសាធារណជនមេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្រឡាញ់ថែរក្សាការពារវប្បធម៌ និងប្រវត្តិសាស្រ្តជាតិរបស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើតនិងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។
សូមបញ្ជាក់ថា, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញផ្សាយបែបនេះ បន្ទាប់ពីមាន ប្រតិកម្ម ពីលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សុំអោយបទចម្រៀងដែលគ្មានការស្រាវជ្រាវ ច្បាស់លាស់ពីប្រវត្តិ ភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរ និងបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។
សូមជម្រាបថា , នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហា និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សុំអោយអ្នកចំរៀង មាស សុខសោភា លុបបទចម្រៀង ” មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ” ចោលទៅ។
លោក រដ្ឋលេខាធិការ ហ៊ុយ វណ្ណៈ បានលើកឡើងតាម facebook ផ្លូវការថា , បទចម្រៀង «មរណៈភាពព្រះស្វាមីជ័យវរ្ម័នទី៧» ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួន និងតក់ស្លុតខ្លាំងណាស់។
លោកបន្តថា, ខ្ញុំក៏ជាអ្នកអក្សរសាស្ត្រ និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរមួយរូបដែរ ប៉ុន្តែ មិនធ្លាប់ប្រទះឃើញឯកសារស្តីពីការសោយព្រះទីវង្គត់របស់ ស្តេចជ័យវរ្ម័នទី៧ ដែលជាមហាក្សត្រខ្មែរដ៏ល្បីល្បាញ និងជាទីគោរពរបស់ខ្មែរយើង ដូចបានរៀបរាប់ក្នុងខ្លឹមសារបទចម្រៀងនេះទេ។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា, ខ្ញុំមិនបរិយាយទៅឆ្ងាយទេ ប៉ុន្តែ កុំបំផ្លាញប្រវត្តិសាស្ត្រ និងដួងព្រលឹងខ្មែរខ្លួនឯង។ បើអាចគឺលប់វីដេអូនេះចោលទៅ។
លោកបន្តថា , ការតែងនិពន្ធនេះ ខុសចាប់តាំងពីការប្រើពាក្យឡើងទៅ កុំនិយាយទៅដល់សច្ចៈភាពប្រវត្តិសាស្ត្រ។ ពាក្យ មរណៈភាព មិនប្រើចំពោះ ព្រះមហាក្សត្រទេ។ ខ្ញុំមិនចាត់ទុកថា ប្អូនស្រីដែលអ្នកចម្រៀងមានចេតនាអាក្រក់ណាមួយនោះទេ ប៉ុន្តែ ខ្ញុំមិនគាំទ្រយកព្រលឹងជាតិលេងសើចទេ។ គួរលប់ចោលទៅ លប់ឱ្យបានលឿន៕
ដោយ ៖ សិលា