ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu ឱ្យដឹងថា ប្រទេសចិនបានចេញមុខអំពាវនាវកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា កុំឱ្យមានការប្រើប្រាស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដែលរៀបចំឡើងនៅសប្តាហ៍នេះ ដើម្បីធ្វើជាឈ្នាន់បម្រើរបៀបវារៈ ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសណាមួយឡើយ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏មានផែនការចូលរួមកិច្ចប្រជុំនេះដែរ។
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងបញ្ជាក់ថា ទីក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងទាញយកវេទិកាតំបន់នេះមកបម្រើប្រយោជន៍ផ្ទាល់ខ្លួន បង្វែរទិសដៅកិច្ចប្រជុំ ឬបង្កើតឱ្យមានជម្លោះ និងបញ្ហានានា។ ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍នោះ លោកមិនបានបញ្ចេញឈ្មោះប្រទេស ឬថ្នាក់ដឹកនាំរូបណាមួយចំៗនោះទេ។
ព្រឹត្តិការណ៍កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះ នឹងចាប់ផ្តើមបើកឆាកនៅថ្ងៃពុធ ទី២៨ ខែតុលា នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះប្រធានអាស៊ានបច្ចុប្បន្ន មុនពេលប្រទេសនេះរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅខែបន្ទាប់។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ជំនួបរវាងប្រមុខការពារជាតិអាស៊ាន និងបណ្តាប្រទេសដៃគូ គួរតែដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ការសន្ទនា ពង្រឹងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនេះ ភាគីចិនមិនទាន់បានបញ្ជាក់នៅឡើយទេថា តើគណៈប្រតិភូរបស់ខ្លួននឹងផ្លូវការចូលរួមកិច្ចប្រជុំកំពូលនៅសប្តាហ៍នេះដែរឬយ៉ាងណា។
ដោយឡែក យោងតាមការឱ្យដឹងពីមន្ទីរបញ្ចកោណ រដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រោងនឹងរៀបចំជំនួបទ្វេភាគី និងពហុភាគីក្នុងកំឡុងពេលកិច្ចប្រជុំនេះ ដើម្បីពង្រឹងសមត្ថភាពរារាំង បង្កើនភាពជាដៃគូ និងសម្ព័ន្ធភាព ក៏ដូចជាពង្រីកការចែករំលែកបន្ទុកសន្តិសុខនៅទូទាំងតំបន់។
ប្រភព៖ Anadolu

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច