ខេត្តកំពង់ស្ពឺ÷តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តស្រុកសំរោងទង។
អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលា ដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៩:៤៧នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួល ការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារកូនជេរ ប្រមាថទៅលើឪពុកម្ដាយបង្កើត គម្រាមដុតផ្ទះ គម្រាមសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ស្ថិនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធករណីខាងលើ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ ដោយជនសង្ស័យទី១. មានឈ្មោះ អុីវ យុទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាកូនបង្កើត) មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២. ឈ្មោះ ផុន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាលទ្ធផងកម្លាំងកងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចណួន ០១កញ្ចប់ (ទម្ងន់០.០៥ក្រាម) និងទូរស័ព្ទម៉ាក ViVO YSS ពណ៌ខ្មៅចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច