ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីមានការបង្ហើបអំពីសាច់រឿងបែបស្នេហាGLឬGirls Love បែបស្រីស្រលាញ់ស្រីមួយរបស់ទូរទស្សន៍ហង្សមាស ។ នោះគឺជាភាពយន្តដែលសម្តែងដោយដោយតារាសម្តែងស្រីស្រស់សោភាពីររូបគឺកញ្ញាឯក ប៊ី សុធារី និងតារាសម្តែងស្រីស្រស់សោភា កញ្ញា ហេង បូនីកា។
កន្លងទៅនេះគេដឹងថាការផលិតភាពយន្តឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមបច្ចុប្បន្ន កំពុងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ ក្នុងនោះភាពយន្តដែលលើកឡើងពីរឿងរ៉ាវរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក៏ត្រូវបានបញ្ចេញជាបន្តបន្ទាប់ និងក្រោយពីសង្គមបច្ចុប្បន្នមានការកាត់បន្ថយការស្អប់ និងរើសអើងក្រុមអ្នកស្រលាញ់ភេទដូចគ្នានោះ។ មានការបង្ហើបដែរថា ជាភាពយន្តភាគបែបស្នេហាភេទដូចគ្នាទើបនឹងចាប់ផ្តើមផលិតដោយក្រុមការងារទូរទស្សន៍ហង្សមាស និងដឹកនាំសម្តែងដោយអ្នកដឹកនាំសម្តែងល្បីឈ្មោះ លោក កៅ សីហា នោះតែម្តង។ ជាជំនួបគ្នាលើកដំបូង និងជាប្រភេទភាពយន្តបែបស្នេហាភេទដូចគ្នានេះ ត្រូវបានទស្សនិកជនសរសើរថាពួកគេកំពុងសម្តែងចូលតួបានយ៉ាងល្អ ខណៈដែលប្លង់មួយចំនួនត្រូវបានបញ្ចេញលើបណ្តាញសង្គមហ្វេសប៊ុក និងTik tok។
យោងតាមការបញ្ជាក់របស់អ្នកដឹកនាំសម្តែង លោក កៅ សីហា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថាគឺជាឈុតសំខាន់ក្នុងភាពយន្តរឿង “បាបប្រពន្ធដើម” វគ្គ២ ដោយបង្ហើបថា រឿងបាបប្រពន្ធដើមមុននេះមិនទាន់បញ្ចប់ទេ គឺមានវគ្គបន្ត ពោលគឺស្នេហាបានកើតមានឡើងរវាងប្រពន្ធដើម និងប្រពន្ធចុងវិញម្តងដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ច្រង៉ាងថាសាច់រឿងអាចមានការប្រែប្រួល ឬពិភពក្រឡាប់ចាក់។ រឿងនេះនិពន្ធសាច់រឿងដោយចតត្វាផ្លឹស ខណៈដែលលោកថា វគ្គទី១ដែលទើបនឹងចាក់បញ្ចាំងចប់ថ្មីៗនេះ គ្រាន់តែជាការចាប់ផ្តើមបើកឆាករឿងរ៉ាវស្នេហារបស់នារីពីរនាក់នេះប៉ុណ្ណោះ ដែលនៅមានអាថ៌កំបាំងស៊ីជម្រៅជាច្រើនលាក់ទុកនៅពីក្រោយអំពើល្អរបស់តួអង្គសោភាដែមានចំពោះតួអង្គ ឌីម៉ា និងតួអង្គមករា ហើយភាពយន្តភាគនេះនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។ នៅមិនទាន់ស្វែងរកការបញ្ជាក់ពីលោក កៅ សីហាបាននៅឡើយទេ ប៉ុន្តែតាមការទម្លាយរបស់អ្នកដឹងសាច់រឿងនេះបានលើកឡើងថា ពិតជាបានដកស្រង់ចេញពីជីវិតពិតរបស់នារី២នាក់មែន ហើយពេលនេះពួកគាត់កំពុងតែរួមរស់ជាមួយគ្នាយ៉ាងមានក្តីសុខក្រោយបែកបាកចំណងស្នេហាជាមួយបុរសជាប្តី។ តើសាច់រឿងបន្តផ្លាស់ប្តូររសជាតិពីក្តីស្រលាញ់មានចំពោះបុរស មកស្រលាញ់ដៃគូស្រីដូចគ្នាមានយ៉ាងណាសូមរងចាំទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាសឆាប់ៗនេះ៕
ដោយ ៖ វឌ្ឍនា