ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន ៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានបញ្ជាក់លើ ប្រព័ន្ធ Telegram នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ថា , ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត៖

ទី១-ការរៀបចំធ្វើការកែទម្រង់ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និង លើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ។ អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត, ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះ អ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានហេតុផលសមរម្យតាមផ្លូវច្បាប់  នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ប៉ុន្តែ អ្នកនោះនៅតែមានសិទ្ធិទៅបោះឆ្នោត ក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានប៉ះពាល់អ្វីទាំងអស់។

ទី២-នេះ ជាផ្នែកមួយនៃការកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត” នៅក្នុងដំណើរការប្រជាធិបតេយ្យ ដើម្បីឱ្យអនាគតមេដឹកនាំ ដែលត្រូវជ្រើសរើសតាមរបបបោះឆ្នោត ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវជាងមុនក្នុងនាមជាពលរដ្ឋល្អរបស់ជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយការកែទម្រង់នេះ គឺ មិនប៉ះពាល់ដល់ ”សិទ្ធិបោះឆ្នោត” ឡើយ ដោយសារប្រជាពលរដ្ឋនៅតែរក្សាសិទ្ធិរបស់ខ្លួន ក្នុងការទៅបោះឆ្នោតក៏បាន ឬ មិនទៅបោះឆ្នោតក៏បាន ដោយមិនត្រូវទទួលទណ្ឌកម្មពិន័យជាប្រាក់ ដូចប្រទេសប្រជាធិបតេយ្យមួយចំនួនឡើយ។

ទី៣-ការកែទម្រង់ចំណុច “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” ខាងលើ នឹងត្រូវធ្វើតាមរយៈការវិសោធនកម្មច្បាប់បោះឆ្នោតទាំងឡាយ ដែលមានការពាក់ព័ន្ធ ហើយការធ្វើវិសោធនកម្មនេះ គឺ ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ពិសេស មាត្រា ៣៤ ថ្មី (មួយ) ដែលចែងក្នុងកថាខណ្ឌចុងក្រោយថា “បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់។”

ដោយ ៖ សិលា


ចែករំលែក៖