ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយស្លាប់,កូនប្រុសអាយុ៥ឆ្នាំរងរបួស ខណៈដឹកដៃកូនដើរឆ្លងផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យ ដឹងនៅថ្ងៃទី 06 ខែតុលា ឆ្នាំ 2026 អំពីករណីគ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោងប្រមាណ 6:30 ល្ងាច ថ្ងៃទី 04 ខែតុលា ឆ្នាំ២០២៦នៅតាមបណ្តោយផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ 40-41 ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមមន្ត្រីនគរបាល មុនពេលកើតហេតុ ស្ត្រីអាយុ 41 ឆ្នាំម្នាក់ កំពុងដឹកដៃកូនប្រុសអាយុ 5 ឆ្នាំ ដើរឆ្លងផ្លូវពីត្បូងទៅជើង ស្រាប់តែត្រូវរថយន្ត Toyota Tacoma ពណ៌ខ្មៅ១គ្រឿង បុកបណ្តាលឱ្យម្តាយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកូនប្រុសរងរបួសស្រាល។

បន្ទាប់ពីនោះ ម៉ូតូ Honda C125 មួយគ្រឿង ដែលបើកបរដោយយុវជនអាយុ 17 ឆ្នាំ បានបើកមកប៉ះកិនលើស្ត្រីរងគ្រោះដែលស្ថិតនៅលើផ្លូវ បណ្តាលឱ្យអ្នក បើកបរម៉ូតូរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ចំណែកអ្នកបើកបររថយន្ត Tacoma មិនទាន់ស្គាល់អត្តសញ្ញាណ ហើយបានរត់គេចខ្លួនក្រោយកើតហេតុ។ សមត្ថកិច្ចបានចុះវាស់វែង និងយកយានយន្តពាក់ព័ន្ធទៅរក្សាទុក ដើម្បីបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុខហេង


ចែករំលែក៖